|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះការងារ ដែលសម្រេចបានដោយអគ្គលេខាធិការដ្ឋាន ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC)


នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រឹក្សាភិបាល សាកលវិទ្យាល័យស្វាយរៀង។

កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរាយការណ៍ការងារពាក់ព័ន្ធ និងស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើចំណុចមួយចំនួនដូចជា៖ (១). ការវិវត្តិថ្មីៗ វឌ្ឍនភាព បញ្ហាប្រឈម របស់អគ្គលេខាធិការដ្ឋាន និងក្រុមប្រឹក្សាភិបាល (២). ការចូលរួមរបស់សាកលវិទ្យាល័យក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) និង (៣). ការងារផ្សេងៗ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍សង្ខេបខ្លីខ្លឹម ពាក់ព័ន្ធនឹងទស្សនៈវិស័យឆ្នាំ២០២៥ នៃសាកលវិទ្យាល័យស្វាយរៀង ក៏ដូចជាការរៀបចំកិច្ចប្រជុំពិភាក្សាការងារជាច្រើនលើកនាពេលកន្លងមក ដើម្បីជំរុញឱ្យការងារប្រព្រឹត្តទៅកាន់តែមានភាពរលូនល្អប្រសើរឡើង ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់សាកលវិទ្យាល័យស្វាយរៀង ក៏ដូចជាការចូលរួមក្នុងគម្រោង (HEIP2) ដែលគម្រោងនេះនឹងមានការសាងសង់អគារ ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ដើម្បីក្លាយជាសាកលវិទ្យាល័យមានភាពល្បីល្បាញ ត្រូវបានចាត់ទុកថាជាសាកលវិទ្យាល័យពហុបំណង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ត្រូវពង្រឹងផ្នែកណាមួយឱ្យបានច្បាស់លាស់ ពង្រឹងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យកសិកម្ម តួយ៉ាង ការចិញ្ចឹមជ្រូក ឬចំណីជ្រូក ដែលជាផ្នែកមួយមានសក្កានុពលខ្ពស់ និងអាចផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែងជាមួយសហគមន៍ ស្វែងរកកម្មវិធី ឬជំនាញឯកទេសណាមួយប្រចាំសាកលវិទ្យាល័យ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ និស្សិត សាស្រ្តាចារ្យ និងអ្នកវិនិយោគផ្សេងៗ ធ្វើការសិក្សាស្រាវជ្រាវ និងស្វែងរកឯកសារមេរៀនបង្រៀនពាក់ព័ន្ធថ្មីៗឱ្យសម្បូរបែបដើម្បីចូលរួមអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា។

ក្រៅពីកិច្ចពិភាក្សាក្នុងក្របខណ្ឌសាកលវិទ្យាល័យស្វាយរៀង ឯកឧត្តមបណ្ឌិត សោម រតនា ក៏ទទួលបានការអនុញ្ញាត ឲ្យរាយការណ៍ពីការវិវត្ត ឱកាស និងបញ្ហាប្រឈមនានាក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដែលកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានផ្សេងទៀត។

បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការងារ ដែលសម្រេចបានដោយអគ្គលេខាធិការដ្ឋាន នាពេលកន្លងមក និងស្នើឱ្យក្រុមការងារបន្តពង្រឹងយន្តការការងារ ក៏ដូចជាកិច្ចសហការនានា ធ្វើយ៉ាងណាជំរុញការទទួលស្គាល់ និងធានាគុណភាពអប់រំក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សាឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់៕

ប្រភព៖ MoEYS