|

ជាង៤ ពាន់នាក់នៃបេក្ខជនប្រលងគ្រូបង្រៀនបឋមសិក្សា ដែលបានប្រលងជាប់លើវិញ្ញាសាសរសេរលើកទី ១ នឹងត្រូវចម្រាញ់លើកទី២ យកត្រឹម ១៣៤៧នាក់ប៉ុណ្ណោះ!


ក្រសួងមុខងារសាធារណៈ រួមទាំងគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានអញ្ជើញពិនិត្យដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សានៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល និងបានបញ្ចប់ការធ្វើកំណែរួចរាល់ត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ជាលទ្ធផល បេក្ខជនជាង ៤,៣២១នាក់ (ស្រី ២,៨២៦នាក់) បានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី ១។ បេក្ខជនទាំង ជាង ៤ ពាន់រូបនេះ នឹងត្រូវឆ្លងកាត់ការប្រឡងលើកទី២ នៅពេលខាងមុខនេះ ដោយចម្រាញ់យកបេក្ខជន ១៣៤៧នាក់ប៉ុណ្ណោះ ដើម្បីក្លាយជាគ្រូបង្រៀនបម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា គ្រប់ជំហ៊ាននៃដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រលងគ្រូបឋមសិក្សា ត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ យ៉ាងយកចិត្តទុកដាក់ ដោយវត្តមានអ្នកសង្កេតការណ៍ និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជន ដើម្បីធានាថាការប្រឡងប្រជែងប្រព្រឹត្តទៅតាមគោលកាណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព៕