| | |

អបអរសាទរការដាក់ឱ្យអនុវត្តគម្រោង “Refaire le monde en français” “ដែលអនុញ្ញាតឱ្យមានការចល័តសិស្សវិទ្យាល័យ ថ្នាក់ភាសាបារាំងក្នុងប្រទេស កម្ពុជា ឡាវ និងវៀតណាម!


នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការដាក់ឱ្យអនុវត្តគម្រោង “Refaire le monde en français” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៤ នាពេលខាងមុខ និងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គការ AUF លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ មកពីប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបង្កើតគម្រោងបរិស្ថានប្រកបដោយអត្ថន័យនេះឡើង ជាប្រយោជន៍ដល់សហគមន៍ ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចស្វែងយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមប្រកបដោយការទទួលខុសត្រូវលើផ្នែកបរិស្ថាន និងដំណោះស្រាយឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ចំណេះដឹងភាសាបារាំងពិតជាមានសារៈសំខាន់ដល់យុវជន ព្រោះថាអ្នកចេះច្រើនភាសាក្នុងបរិបទបច្ចុប្បន្នទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងផ្ដល់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទទួលបានការងារល្អៗនៅក្នុងទីផ្សារការងារជាតិ និងអន្តរជាតិដែលកំពុងមានការប្រកួតប្រជែងខ្លាំង។
ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី សង្ឃឹមយ៉ាងមុតមាំថាការប្រើប្រាស់ភាសាបារាំងនៅតែជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ភាពចម្រុះនៃភាសា និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់និយាយភាសាបារាំង។

គួរបញ្ជាក់ដែរថា ស្ថានទូតបារាំងប្រចាំកម្ពុជា ឡាវ និងវៀតណាម កំពុងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ “Résonances nationalaux de la francophonie” ដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូល Villers-Cotterêts ជាមួយគំនិតផ្តួចផ្តើមដែលអនុញ្ញាតឱ្យមានការចល័តសិស្សវិទ្យាល័យ ថ្នាក់ភាសាបារាំងក្នុងប្រទេសទាំង៣ ដើម្បីជួបជាមួយក្រុមអ្នកផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងភាគីពាក់ព័ន្ធ អមដោយលោកគ្រូ អ្នកគ្រូរបស់ពួកគេ នឹងសម្របសម្រួលដើម្បីឱ្យពួកគេអាចទំនាក់ទំនងផ្សព្វផ្សាយអំពីគម្រោងនេះនៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ៕

ប្រភព៖ MoEYS