រសជាតិថ្មី នៃសិល្បៈរ៉េបបែបសម័យនិងចម្រៀងចាប៉ី និង៣ចំណុចរំលេចក្នុងបទថ្មី Time To Rise
កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ តារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បានបញ្ចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា Time To Rise ជាមួយព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ។ បទចម្រៀងនេះ គឺជាការដាក់បញ្ចូលគ្នា រវាងសិល្បៈរ៉េបបែបសម័យ និងសិល្បៈទម្រង់ចាប៉ីដងវែង ដែលធ្វើឱ្យចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់។
ពុំមែនជារឿងថ្មីទេ ដែលសិល្បៈករ សិល្បៈការិនីកម្ពុជាជាច្រើនដួង មិនថាជំនាន់នេះ ឬកាលជាង២០ឆ្នាំមុន បានច្នៃបទចម្រៀងរបស់ខ្លួនឱ្យមានលក្ខណៈទំនើបកម្មផង និងបុរាណកម្មផង តួយ៉ាងដូចជាការប្រគុំឧបករណ៍បុរាណខ្មែរ ជាមួយនឹងឧបករណ៍តន្រ្តីសម័យថ្មីជាដើម។
តើមានចំណុចអ្វីខ្លះ ដែលនាំឱ្យ Time To Rise ជារសជាតិថ្មីពីវណ្ណដា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនត្រឹមតែមួយថ្ងៃនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប?
១). ការចាប់ដៃគូគ្នារវាងសិល្បៈទម្រង់ពីរផ្សេងគ្នា
រ៉េបសម័យ ច្នៃជាមួយសិល្បៈទម្រង់ចាប៉ីដងវែង គឺជាចំណុចលេចធ្លោមួយ ដែលធ្វើឱ្យបទចម្រៀងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ជន។
២). ឧបករណ៍បុរាណខ្មែរចំនួន៣
ក្នុងបទចម្រៀង Time To Rise មានដាក់បញ្ចូលនូវឧបករណ៍តន្ត្រីបុរាណខ្មែរជាច្រេីនដូចជា ខ្លុយ រនាតជាដេីម ពិសេសសំនៀងចាបីុរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ កាន់តែធ្វើឱ្យចម្រៀងនេះ ពិរោះប្លែក និងគួរស្ងើចសរសើរ។
៣). ពុំប្រើប្រាស់ Explicit Content/Lyric
តាមរយៈបទចម្រៀង សង្កេតឃើញថា ទំនុកច្រៀងនៃបទថ្មីនេះមានភាពណែងណងល្អ ប្រទាក់ក្រឡាជាមួយនឹងទំនុករ៉េប និងចម្រៀងចាប៉ីដងវែង ដែលផ្ទង់អារម្មណ៍ស្តាប់ទៅហាក់ជាសម្លេងតែមួយ ពិរោះប្លែកទទួលយកបាន។ ខុសប្លែកពីបទមុនៗ Time to Rise ពុំបានប្រេីប្រាស់គ្រាមភាសា ឬភាសាសម្រាប់តែអ្នកស្តាប់មានអាយុ១៨ឆ្នាំឡេីង។
គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ បទចម្រៀង Time To Rise មានអ្នកចូលទស្សនាក្នុង Youtube រហូតដល់ជាង៧សែនដង រួចស្រេចទៅហើយ៕
នេះក៏ជាមោទកភាពថ្មីរបស់កម្ពុជាផងដែរលើវិស័យចម្រៀង ដែលមានអ្នកប្រើប្រាស់យូធូបជាច្រើនលាននាក់បានចូលរួមទស្សនាកំសាន្ត ចូលរួមផលិតវីដេអូផ្តល់យោបល់ (Reaction) និងចែករំលែកជាបន្តបន្ទាប់៕
រូបភាព៖ Vann Da – វណ្ណដា
ដោយ៖ ង៉ាយ ណៃ