|

ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់ឡើយ


នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា អំពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ដែលជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលេចសារដ៏សោកសៅដែលមានខ្លឹមសារថា «នាឱកាស ទិវាជាតិនៃការចងចាំ ខ្ញុំសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំក៏សូមឧទ្ទិសទិវានេះ ជូនដល់វីរៈយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុសង្រ្គោះជាតិចេញពីវាលពិឃាតដ៏សាហាវឃោឃៅមួយនេះ។

ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់។ ការរំឭកឡើងវិញនូវប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្រ្ត និងផលវិនាកនៃសង្រ្គាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃនៃសន្តិភាពដែលពួកយើងកំពុងមានសព្វថ្ងៃ។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនទាំងអស់គ្នាចូលរួមសង្រួមកាយ វាចា ចិត្តដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់គ្នា។»

រូបភាព៖ SHS