| |

សម្ដេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួគីអាចសម្រេចបាននាពេលខាងមុខ


នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកជំទាវ ÜLKÜ KOCAEFE បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន ។ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ។

ប្រភព៖ Samdech Hun Sen