ឯកឧត្តម ហ៊ុន ម៉ានី៖ «គោលដៅ យុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យមុខងារសាធារណៈ គឺការបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»


នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងមុខងារសាធារណ: ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃវិស័យមុខងារសាធារណៈ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អាទិភាពលើវិស័យនេះ ដោយបានដាក់បញ្ចូលការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដោយផ្តោតលើអាទិភាពគន្លឹះ៥គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា។ គោលដៅ យុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យមុខងារសាធារណៈគឺការបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈកម្មការរដ្ឋសភាបន្តទៀតថា ការពង្រឹង និងការកែទម្រង់ស្ថាប័នការរៀបចនិងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាសម្រាប់ដំណើរការយន្តការ ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈការពិនិត្យឡើងវិញ និងការរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិរបស់ក្រសួងមុខងារសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងតាមរយៈព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ក៏ត្រូវបានប្រគល់តួនាទីបន្ថែមជាលេខាធិការដ្ឋានឱ្យ គណៈកម្មាធិការជាតិ ដើម្បីធានាការអនុវត្តនូវការងារជាសារវន្តចំនួន៣ ឈានទៅសម្រេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈតាមរយៈ ១.ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ២.ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និង ៣.ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ ក្នុងនោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារនៅក្នុងវិស័យមុខងារសាធារណៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ការសម្រេចបាននូវគោលដៅ នៃមុំយុទ្ធសាស្ត្របញ្ចកោណនេះ អាស្រ័យដោយផ្ទាល់ទៅនឹងការសម្រេចបាននូវការអនុវត្តវិធានការគន្លឹះ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺ៖ ទី១. ការដាក់ឱ្យអនុវត្ត ប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ទី២. ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និងទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

ប្រភព៖ National Assembly of Cambodia