«ស្រ្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» ជាប្រធានបទក្នុងទិវាអន្តរជាតិនារី ៨មីនា


ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា (Ministry of Women’s Affairs of Cambodia) បានចុះផ្សាយឱ្យដឹងអំពីទិវាអន្តរជាតិនារី ៨មីនា ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២១នេះ កាលពីថ្ងៃទី៧ ខែមីនាម្សិលមិញនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» គឺជាប្រធានបទស្នូលក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១នេះ។

ប្រភពខាងលើក៏បានបញ្ជាក់បន្ថែមថា៖ ប្រធានបទ «ស្រ្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» គឺប្រសូត្រឡើង “ក្នុងគោលបំណងរំលេចពីការចូលរួមចំណែកដ៏ចម្បងរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិការណ៍ក្នុងអំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ស្របតាមការគាំទ្រ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដែលចាត់ទុកស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ”។

បន្ថែមពីនេះ ក្រសួងកិច្ចការនារីបានដាក់បង្ហាញជូនជាសាធារណៈនូវកម្រងស្លោកខ្លឹមៗមួយចំនួនផងដែរ ដូចមានរាយនាមខាងក្រោម៖

  • ស្រ្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩!
  • សិទ្ធិនារី គឺជាសិទ្ធិមនុស្ស!
  • សិទ្ធិស្រ្តី គឺជាតម្លៃ និងការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប!
  • ស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ!

ជាមួយគ្នានេះ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី ១១០ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២១ ក៏នឹងមានការចាក់ផ្សាយតាមបណ្តាញសង្គម Facebook របស់ក្រសួងកិច្ចការនារី នៅវេលាម៉ោង ០៧: ៣០នាទីបន្តិចទៀតនេះ” ប្រភពដដែលបានចុះផ្សាយយ៉ាងដូច្នេះកាលពីថ្ងៃទី៧ ខែមីនាម្សិលមិញ។

សូមបញ្ជាក់ជូនអំពីសាវតាសង្ខេបនៃទិវាអន្តរជាតិនារី ៨ មីនានេះបន្តិចថា នៅក្នុងឆ្នាំ ១៩១០ សន្និបាត អន្តរជាតិ នារី បានប្រព្រឹត្តឡើង នៅ ទីក្រុង កូ ប៉ែន ហាក រដ្ឋធានី នៃ ប្រទេស ដា ណឺ ម៉ាក និងមាន ប្រទេសចំនួន ១៧ បានចូលរួម។ ជាលទ្ធផលអង្គសន្និបាតទាំងមូលបានសម្រេច យក ថ្ងៃទី ៨ មីនា ជា “ ទិវា នារី អន្តរជាតិ ” ឬជាថ្ងៃ មហា សាមគ្គី តស៊ូ របស់ នារី ពលករ ទូទាំង សាកលលោក ដើម្បី សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ដោយ ភ្ជាប់ ជាមួយនឹង ពាក្យស្លោកដូចខាងក្រោម៖
« មួយថ្ងៃ ធ្វើការ ប្រាំបី ម៉ោង »
« ធ្វើការ ស្មើគ្នា បៀវត្ស ស្មើគ្នា »
« ការពារ សុខភាព មាតា និង ទារក »។

នេះបើតាមការចុះផ្សាយនៅលើគេហទំព័រ internationalwomensday