តំបន់ព័ន្ធតាឡី-បឹងស្នេហ៍ គឺជាជម្រកសត្វស្លាបទឹកធំជាងគេទី២នៅកម្ពុជា


តំបន់ព័ន្ធតាឡី-បឹងស្នេហ៍ ដែលមានទីតាំងស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង គីជាតំបន់ជម្រកពងកូនរបស់សត្វស្លាបទឹកធំជាងគេទី២នៅប្រទេសកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។

តំបន់ព័ន្ធតាឡី-បឹងស្នេហ៍ ត្រូវបានបង្កើតឡើងជាតំបន់ការពារធម្មជាតិ តាមរយៈអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ មើលឃើញថា តំបន់នេះ មានសក្ដានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្សធនធានធម្មជាតិគ្រប់ប្រភេទ។ សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបញ្ជាក់យ៉ាងដូច្នេះ។

បើតាមក្រសួងបរិស្ថាន តំបន់បឹងស្នេហ៍នេះ គឺជាទីសំចតរបស់ប្រភេទសត្វស្លាបស្នាក់នៅនិងរកចំណីបណ្ដោះអាសន្ន ហើយក៏ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់នៅខេត្តស្ទឹងត្រែង។

ក្រសួងបរិស្ថានដដែលបានឱ្យដឹងទៀតថា៖«នៅតំបន់បឹងស្នេហ៍មានសត្វស្លាបរាប់មុឺនក្បាលកំពុងមានវត្តមានរស់នៅ និងបន្តពូជនៅទីនេះ។ ក្នុងនោះ សត្វដែលសម្បូរជាងគេនៅតំបន់ការពារធម្មជាតិ បឹងស្នេហ៍ គឺសត្វខ្វែក និងសត្វកុក ដោយវាមានវត្តមានពេញមួយឆ្នាំ និងមិនផ្លាស់ទីលំនៅទៅតំបន់ផ្សេងឡើយ។»

ក្រៅពីសម្បូរសត្វស្លាប តំបន់បឹងស្នេហ៍ ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជុំវិញតំបន់នោះ។ បន្ថែមពីនេះ បឹងស្នេហ៍ មានអន្លង់ត្រីសំខាន់ៗជាច្រើនប្រភេទ ដែលជាប្រភពអាហារសម្រាប់ទ្រទ្រង់វត្តមានសត្វស្លាបនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិកំពុងអភិរក្សចំនួន៦៩កន្លែង មានផ្ទៃដីសរុបចំនួន៧,៣លានហិកតា ហើយបែងចែកចេញជាតំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីវចម្រុះជាដើម៕

រូបភាព៖ ក្រសួងបរិស្ថាន

ដោយ៖ ង៉ាយ ណៃ