ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញវិស័យឯកជនរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ នៅក្នុងស្ថាប័នខ្លួនរៀងៗខ្លួន
ប្រសាសន៍នេះត្រូវបានធ្វើឡើង នារសៀលថ្ងៃទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច។
ថ្លែងនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្តមបានលើកឡើងថា វេទិកានាថ្ងៃនេះគឺជាការយកចិត្តទុកដាក់ ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០។
ក្នុងឱកាសនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការកសាងមូលធនមនុស្ស និងលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ឯកឧត្តម បានជំរុញភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករជាក់ស្ដែង បង្កើនការយកចិត្តទុកដាក់ និងធ្វើការរួមគ្នាតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារខ្លួនតាមប្រព័ន្ធអ៉ីនធឺណេត និងជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅក្នុងស្ថាប័នខ្លួន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជំនាញផ្នែកសន្តិសុខសាយប័រឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។
សូមជម្រាបជូនថា វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រុមហ៊ុន Ezecom និងសាកលវិទ្យាល័យខេមតិច រួមទាំងនិស្សិតសរុបប្រមាណ ៤០០នាក់៕