ឯកឧត្តម ហង់ជួន ណារ៉ុន៖ គ្រូបង្រៀននៅកម្ពុជា នឹងត្រូវទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិត ប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”
ថ្លែងប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តនៃកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា” នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយបានចាត់ទុកថា គ្រូបង្រៀននៅកម្ពុជា នឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិត ៣ ប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាន នូវគោលដៅនេះ ក្រសួងបាននិងកំពុងអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្តោតលើ៖ (១)ការកែលម្អកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូ, (២)ការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យនិងវិធីសាស្ត្របង្រៀនសម្បូរបែប និង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាម បច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤) ការអភិវឌ្ឍភាពជាអ្នក ដឹកនាំនិងគ្រប់គ្រង, (៥) ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ, និង (៦) ការធានាគុណភាពនៃការបណ្តុះបណ្តាល។
ជាមួយគ្នានេះ ក្រសួងបានបន្តអភិវឌ្ឍសមត្ថភាពនិងពង្រឹងគុណភាពគ្រូឧទ្ទេស តាមរយៈការលើកកម្ពស់ គុណវុឌ្ឍ, អនុម័តស្តង់ដាគ្រូឧទ្ទេស និងអនុម័តគោលការណ៍ផ្តល់ឋានៈជាគ្រូឧទ្ទេស និង គ្រូឧទ្ទេសរងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបង បន្ទាប់ពីការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យទាំងពីរត្រូវបានបញ្ចប់ ដើម្បីធានានិរន្តរភាពនិងការអភិវឌ្ឍ។
គួរបញ្ជាក់ថា ពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកនេះ មានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងប្រតិភូរាជធានី-ខេត្ត ព្រមទាំងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតាមប្រព័ន្ធអនឡាញ៕