|

ឯកឧត្តម ហង់ជួន ណារ៉ុន ណែនាំដាច់ខាតកុំមើលរំលងសាលាដែលមាននាយក/នាយិកាសាលាល្អ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រសាលារៀនគំរូ និងផែនការសកម្មភាពរបស់គម្រោងUSESDP-ll និង STEP UP ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡា។

កិច្ចប្រជុំនេះផ្ដោតពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖ ការជ្រើសរើសសាលាមានសក្ដានុពលក្លាយជាសាលាគំរូ ការតម្រង់ទិសសាលាគោលដៅ គោលការណ៍ប្រតិបត្តិយន្តការគាំទ្រសាលារៀនគំរូ និងយន្តការវាយតម្លៃសាលារៀនមធ្យមសិក្សាឱ្យក្លាយជាសាលារៀនគំរូសម្រាប់រយៈពេល៥ឆ្នាំ។

យន្តការគាំទ្រ និងវាយតម្លៃសាលារៀនមធ្យមសិក្សា ឱ្យក្លាយជាសាលារៀនគំរូសម្រាប់រយៈពេល៥ឆ្នាំរួមមាន៖ ការរៀបចំគ្រូបង្គោលនៅតាមសាលា ការធ្វើស្វ័យវាយតម្លៃ ការធ្វើតេស្តស្តង់ដាទៅតាមកាលកំណត់ ការរៀបចំផែនការសាលារៀន ផែនការរៀនរបស់សិស្ស និងផែនការបង្រៀនរបស់គ្រូ ការគ្រប់គ្រងបុគ្គលិកការបង្កើតភាពជាដៃគូរវាងសាលារៀននិងសហគមន៍ ការគ្រប់គ្រងហិរញ្ញវត្ថុសាលារៀន ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ការធ្វើឱ្យប្រសើរដល់សុខភាពសិក្សា ការលើកកម្ពស់បរិស្ថានសិក្សា និងការគ្រប់គ្រងទិន្នន័យអប់រំសាលារៀន។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានក្រើនរំឭក ឱ្យក្រុមការងារពិនិត្យជ្រើសរើសកំណត់សាលាគោលដៅដោយម៉ត់ចត់ត្រឹមត្រូវពិសេសដាច់ខាតកុំមើលរំលងសាលាដែលមាននាយក/នាយិកាសាលាល្អ និងត្រូវលើកទឹកចិត្តដល់សាលាដែលជានិច្ចកាលទទួលបានលទ្ធផលល្អក្នុងការប្រឡង (មានសិស្សប្រឡងជាប់ច្រើន និងបាននិទ្ទេសល្អ) ជាសាលាដែលមានប្រព័ន្ធគ្រប់គ្រងល្អមានកម្មវិធីរៀនពេញមួយថ្ងៃ និងគ្រូមានគុណវុឌ្ឍិ។

គួរបញ្ជាក់ថាគម្រោង USESDP-II គឺជាគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវបានដាក់ដំណើរការរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៨ – ២០២៤ និងម្រោង STEPUP មានរយៈពេល៦ឆ្នាំចាប់ពីឆ្នាំ២០២៣-២០២៨ ដែលផ្ដោតលើការអប់រំនៅមធ្យមសិក្សាដើម្បីលើកកម្ពស់ការអប់រំ STEM ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ – ២០២៥៕

ប្រភព៖ MoEYS