|

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យឡើងវិញនូវមុខងាររបស់អង្គភាពក្រោមឱវាទ


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការវិភាគមុខងារអង្គភាពឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមកពីគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួង ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានដាក់ចេញឱ្យអនុវត្តជាអាទិភាពសម្រាប់ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ការពិនិត្យឡើងវិញនូវមុខងាររបស់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គឺដើម្បីផ្ដល់ការត្រួតពិនិត្យមុខងារឡើងវិញឱ្យទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយគុណភាពគ្រប់គ្រាន់ ក៏ដូចជា ដើម្បីដឹកនាំការកំណត់អាទិភាពនៃដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យអប់រំ ឆ្ពោះទៅកែលម្អ ការផ្ដល់សេវាអប់រំ តបតាមអនុសាសន៍ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឱ្យ (១). រៀបចំបង្កើតអគ្គលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលកិច្ចការងាររបស់អគ្គនាយកដ្ឋានទាំងអស់ (២). រៀបចំរចនាសម្ព័ន្ធ និងមុខងារ របស់នាយកដ្ឋានជំនាញ (៣). ពិនិត្យឡើងវិញលើការផ្ទេរបុគ្គលិក ការបណ្ដុះបណ្ដាលបុគ្គលិក ដែលកំពុងបម្រើការងារ ផ្សារភ្ជាប់ជាមួយនឹងគន្លងអាជីព (៤). ពិនិត្យឡើងវិញនូវតួនាទី ភារកិច្ចរបស់នាយកដ្ឋាននីមួយៗ (៥). ពិនិត្យតម្រូវការមន្ត្រីជំនាញឱ្យបានច្បាស់លាស់ (៦). ពិនិត្យមើលរចនាសម្ព័ន្ធ និងមុខងារក្រសួងអប់រំ នៃប្រទេសជិតខាង និងក្រសួងមុខងារសាធារណៈ (៧). ពិនិត្យមុខងារអគ្គនាយកដ្ឋាននីមួយៗ អង្គភាពក្រោមឱវាទ និងការិយាល័យទាំងអស់ (៨). ពិនិត្យឡើងវិញបុគ្គលិក និងផែនការជ្រើសរើសបុគ្គលិក (៩). ជូនដំណឹងទៅរាជធានី-ខេត្តដើម្បីធ្វើការពិនិត្យឡើងវិញនូវមុខងាររបស់ខ្លួន និងធ្វើរបាយការណ៍លើកឡើងពីបញ្ហា និងតម្រូវការជាពិសេសចំពោះសាលារៀន។

កិច្ចប្រជុំនេះផ្ដោតពិភាក្សាសំខាន់លើ ការវិភាគមុខងាររចនាសម្ព័ន្ធ សំណើរចនាសម្ព័ន្ធថ្មី ការប្រែប្រួលយោបល់ជំនាញ និងផែនការបន្ទាប់ក្នុងរយៈពេលខ្លី រួមមាន ការស្នើសុំការសម្រេចលើរចនាសម្ព័ន្ធរបស់ក្រសួងអប់រំ យុវជន កីឡា នាយកដ្ឋានបុគ្គលិកបន្តសហការជាមួយអគ្គនាយកដ្ឋាន និងនាយកដ្ឋានលើការពង្រាងមុខងារឱ្យបានរួចរាល់ ផែនការរយៈពេលមធ្យម និងវែង៕

ប្រភព៖ MoEYS