លោកជំទាវ ចម និម្មល អញ្ជើញចូលរួម និងជាសក្ខីភាព ក្នុងការអនុម័តសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អារ៉ាប់ ដោយសម័យប្រជុំពេញអង្គរដ្ឋសភា


កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងអនុម័តលើ “សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម” ដែលជាលទ្ធផលសេចក្តីព្រាងច្បាប់ត្រូវបានសម្រេចអនុម័តយល់ព្រមដោយសម័យប្រជុំពេញអង្គរដ្ឋសភា។

សូមជម្រាបថា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។