នាយករដ្ឋមន្ត្រីថៃ កំពុងស្វះស្វែងជម្លៀសជនជាតិថៃចំនួន ១៦២នាក់ ពីតំបន់ដែលកំពុងផ្ទុះអាវុធក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់មកប្រទេសវិញ


នាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឱ្យដឹងថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោន កំពុងសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីនាំយកជនជាតិថៃចំនួន១៦២ នាក់ត្រឡប់មកប្រទេសវិញ បន្ទាប់ពីអ្នកទាំងនោះត្រូវបានដឹកជញ្ជូនចេញពីតំបន់ជម្លោះក្នុងទីក្រុង Laukkaing ដែលជាទីប្រជុំជនក្នុងរដ្ឋ Shan ។

ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងសម្ព័ន្ធភាតរភាពដែលបង្កើតឡើងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបីបានផ្ទុះឡើងចាប់តាំងពីថ្ងៃសុក្រ (ថ្ងៃទី២៧ ខែតុលា) នៅទូទាំងតំបន់មួយនៃរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។

តំបន់នេះគឺជាកន្លែងដែលផ្លូវដែកដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានគ្រោងទុកជាផ្នែកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក Belt and Road របស់ទីក្រុងប៉េកាំង ហើយមានប្រជាជនថៃ និងជនបរទេសផ្សេងទៀតរស់នៅទីនោះ។

យោងតាមអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅទីតាំងចំនួន១០ នៅទូទាំងរដ្ឋ Shan ក្នុងរយៈពេលប្រាំមួយថ្ងៃកន្លងមកនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះនិងរបួសនោះទេ។

លោក សេរីថា បាននិយាយថា មន្ត្រីស្ថានទូតបានជួយជម្លៀសជនជាតិថៃទាំង ១៦២នាក់ ទៅកាន់តំបន់សុវត្ថិភាព ហើយកំពុងធ្វើការលើផែនការនាំយកពួកគេមកផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ THE NATION