ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកសារដាស់តឿនរបស់សម្តេចតេជោ៖ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»


បញ្ហាចរិត មាយាទរបស់មន្ត្រីគឺជាប្រធានបទដែលតែងត្រូវបានលើកយកមកជជែក ពិភាក្សា និងវាយតម្លៃពីស្រទាប់មហាជនទូទៅ តាមរយៈការបំពេញភារកិច្ចរបស់មន្ត្រីទាំងនោះ។ ជាទូទៅ រាជរដ្ឋាភិបាលតែង និងមន្ត្រីជាន់ខ្ពស់ បានចាត់ទុក មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ ហើយគ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ។

ថ្លែងប្រសាសន៍ក្នុងពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា” នៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានរម្លឹកសារដាស់តឿនរបស់សម្តេចតេជោ ស្តីពីភាពជាមន្ត្រីល្អថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»។

ក្នុងន័យនេះ ឯកឧត្តមបានថ្លែងថា “បន្ថែមលើការបណ្តុះបណ្តាល ដើម្បីសមត្ថភាពវិជ្ជាជីវៈទាំងនេះ ច្បាស់ណាស់មន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយវិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។”

ជុំវិញសារដាស់តឿនខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអភិក្រម នៃការគោរព ៣ ចំណុចផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនសិក្ខាកាមបានបញ្ចប់វគ្គបណ្តុះបណ្តាល និងសិក្សាកាមដែលត្រៀមចេញទៅបំពេញការងាររដ្ឋបាលនៅក្រសួង ស្ថាប័ននាពេលខាងមុខនេះ រួមមាន៖ (១) ការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌ (២) ការគោរពឋានានុក្រម ដែលកើតចេញមកពីការតែងតាំង និង(៣) គឺការគោរពវីរភាពអ្នកដឹកនាំ គឺកើតចេញមកពីឧត្តមគតិ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការាអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៕