កូនប្រុសទាំងពីររបស់សម្ដេច ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានចាក់វ៉ាក់សាំងនៅថ្ងៃនេះ


តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កូនប្រុសទាំងពីររបស់សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងជួររដ្ឋាភិបាលដែលមានអាយុមិនលើស៥៩ឆ្នាំ និងសមស្របតាមលក្ខខណ្ឌមួយចំនួនទៀត បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង នៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក សម្រាប់លោក ហ៊ុន ម៉ានីវិញ មិនអាចចាក់វ៉ាក់សាំងនៅថ្ងៃនេះបានទេ ដោយសារលោកកំពុងមានជំងឺផ្ដាសាយធំ ហើយត្រូវរងចាំរហូតដល់ពីរសប្ដាហ៍ក្រោយទើបអាចទទួលការចាក់វ៉ាក់សាំងនេះបាន។

ជុំវិញការចាក់វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេច ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានលើកឡើងថា៖« បើទោះជាមានអ្នកខ្លះ នៅព្រឹកនេះ មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឱ្យចាក់ក៏ដោយ ថ្នាក់ដឹកនាំមួយចំនួនរបស់យើង បានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងដែលទទួលវ៉ាក់សាំងនេះ។ ការទទួលវ៉ាក់សាំងនេះ គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់ចិនដែលត្រូវបានស្រាវជ្រាវ ផលិត និងធ្វើតេស្តប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផលិតផលអាចចរាចរបាន។»

លោក ហ៊ុន ម៉ានី បន្តថា មកដល់ពេលនេះ វ៉ាក់សាំងប្រភេទនេះត្រូវបានធ្វើតេស្តសាកល្បងចប់ដំណាក់កាលទី៣ ដែលត្រូវបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន ៦០,០០០ នាក់ មានសញ្ជាតិ១២៥ផ្សេងគ្នា។ គិតមកត្រឹមថ្ងៃនេះ វ៉ាក់សាំងរបស់ SINOPHARM ត្រូវបានទីភ្នាក់ងារវេជ្ជសាស្រ្ត និងឱសថជាតិរបស់ចិន អនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខណ្ឌហើយ។

ទន្ទឹមនឹងនេះ កូនប្រុសច្បងសម្ដេច ហ៊ុន សែន, លោក ហ៊ុន ម៉ាណែត ដែលទើបទទួលការចាក់វ៉ាក់សាំងថ្មីៗនេះ ក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាថា៖«ពលរដ្ឋទាំងអស់គ្នាគួរត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ ដើម្បីការពារខ្លួនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្ដើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។»

ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ពលរដ្ឋលើការប្រើប្រាស់វ៉ាក់សាំងនេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះ៖« សូមពលរដ្ឋកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី ឬលក់ត្រកួននោះទេ។»

គួរបញ្ជាក់ថា ក្រៅតែមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល ក្រុមអ្នកសារព័ត៌មានដែលត្រូវបានចាត់ទុកថាជាបុគ្គលអាទិភាព ក៏បានទទួលការចាក់សាំងដែលជាជំនួយរបស់ប្រទេសចិននៅព្រឹកនេះដែរ នៅឯមន្ទីរពេទ្យកុមារជាតិ៕

រូបភាព៖ SPM page

ដោយ៖ ង៉ាយ​ ណៃ