ប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងវិស័យអប់រំ! សាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា បានបើកដំណើរការហើយ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) កាលពីពេលថ្មីៗនេះ។
សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) ត្រូវបានបង្កើតឡើងតាមអនុក្រឹតលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។ សាកលវិទ្យាល័យ នេះជាសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ដែលមានមហាវិទ្យាល័យ ចំនួន ០៦ រួមមាន៖ ១) មហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងនីតិសាស្រ្ដ ២) មហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រ ៣) មហាវិទ្យាល័យរចនា ៤) មហាវិទ្យាល័យភាសាអង់គ្លេស ៥) មហាវិទ្យាល័យអប់រំ និង៦) មហាវិទ្យាល័យវិស្វកម្ម។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់រយៈពេល ០៥ ឆ្នាំខាងមុខ ដើម្បីការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ពន្លឿនការអភិវឌ្ឍន៍ជាតិ ឱ្យសម្រេចបាននូវសមិទ្ធិផល ដែលអាចប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងបន្តទៅមុខដើម្បីសម្រេចប្រែក្លាយប្រទេសជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យអប់រំ នៅកម្ពុជា ដែលជាឱកាសសម្រាប់យុវជនអាចទទួលបានការអប់រំប្រកបដោយគុណភាពតាមស្ដង់ដាររបស់ចក្រភពអង់គ្លេស ដោយសិក្សារៀនសូត្រនៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។ បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងអនុវត្តគម្រោងអប់រំនៅកម្ពុជា៕
ប្រភព: MoEYS