កម្ពុជាជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោម៤០ប្រទេសដែលចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០នេះ កម្ពុជាបានសាងសង់ពន្លាជាតិមួយទំហំសរុប ១៨០ម៉ែត្រការ៉េ នៅក្នុងតំបន់ B សាងសង់ផ្ទះរួមមួយទំហំ ៣៦ម៉ែត្រការ៉េនៅតំបន់ D និងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ស្តង់ មានក្រុមហ៊ុនកម្ពុជាចូលរួមចំនួ ៥៥ក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ប្រទេស។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ពន្លាជាតិ ផ្ទះរួម និងស្តង់ពិព័រណ៍ពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមការងារសាងសង់ដែលរួមមានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ដោយផ្ទៀងផ្ទាត់គ្រប់ដំណាក់កាលលើក្បាច់រចនាស្របតាមរចនាបថរបស់កម្ពុជា និងសង្កត់ធ្ងន់លើការត្រួតពិនិត្យពាក្យពេចន៍ តួអក្សរ ការប្រើប្រាស់រូបភាព និងសម្ភារៈបម្រើឱ្យការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ជាលើកដំបូងនៅឆ្នាំ២០០៤។ គិតមកទល់ឆ្នាំ២០២៣នេះ មានចំនួន២០លើកហើយ ដោយក្នុងនោះកម្ពុជាធ្វើជាប្រទេសកិត្តិយសចំនួន២ លើក ដែលលើទី១ នៅឆ្នាំ២០០៨ និងលើកទី២ នៅឆ្នាំ២០១៨ ៕
ប្រភព: ក្រសួងពាណិជ្ជកម្ម