ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី Panasonic Corp បង្កើតប្រអប់រក្សាសីតុណ្ហភាព និងគុណភាពវ៉ាក់សាំងកូវីដ១៩


ក្រុមហ៊ុន Panasonic Corp បញ្ជាក់ថាខ្លួនបានបង្កើតប្រអប់រក្សាសីតុណ្ហភាពមួយដែលមានសមត្ថភាពរក្សាទុកគុណភាពវ៉ាក់សាំង និងដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ១៩បាន។

យោងទៅតាមក្រុមហ៊ុនខាងលើបានឱ្យដឹងនៅថ្ងៃព្រហនេះថា ប្រអប់នេះមានសមត្ថភាពក្នុងការរក្សាទុកវត្ថុធាតុដើមនៅសីតុណ្ហភាព-៧០ អង្សាសេរហូតដល់ទៅ ១៨ថ្ងៃ ដោយពុំត្រូវការកម្លាំងថាមពលអគ្គីសនីនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនេះបានបញ្ជាក់បន្ថែមថា៖ Panasonic នឹងផ្តល់ប្រអប់រក្សាសីតុណ្ហភាពនេះទៅដល់ក្រុមហ៊ុនឱសថ និងតំណាងចែកចាយនានាដើម្បីធ្វើការប្រើប្រាស់សាកល្បងនៅត្រឹមខែមីនាខាងមុខនេះ ក៏ដូចជាដាក់គម្រោងឱ្យជួលផលិតផលរបស់ខ្លួនចាប់ពីនិទាឃរដូវនេះតទៅ។

ក្រឡេកទៅមើលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនយក្សអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE មានសមត្ថភាពរក្សាទុកវ៉ាក់សាំងក្នុងកម្រិត -៧០ អង្សាសេ ឬទាបជាងនេះ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនជីវ-បច្ចេកវិទ្យាអាមេរិក Moderna Inc អាចដឹកជញ្ជូន និងរក្សាទុកក្នុងរយៈពេលរហូតទៅដល់កន្លះឆ្នាំ ប្រសិនបើរក្សាទុក នៅក្នុងម៉ាស៊ីនបង្កកស្តង់ដារនៅសីតុណ្ហភាព -២០ អង្សាសេ។

ជាមួយគ្នានេះ ប្រទេសជប៉ុនបានប្រកាសធានាថា៖ វ៉ាក់សាំងដែលនាំចូលពីក្រុមហ៊ុន Pfizer អាចចាក់ជូនប្រជាជនសរុបចំនួន ៧២លាននាក់ ដែលទិន្នន័យនេះច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបចំនួនរបស់ខ្លួន គឺ ១២៦លាននាក់។ រដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងដាក់ពង្រាយប្រអប់បង្កក ឬទូររក្សាសីតុណ្ហភាពនេះទៅតាមក្រុងនានាទូទាំងប្រទេសសម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នេះបើតាមប្រភពដដែលបានបញ្ជាក់។

ប្រអប់រក្សាសីតុណ្ហភាព ឬប្រអប់បង្កករបស់ក្រុមហ៊ុន Panasonic មានរហូតទៅដល់ពីរទំហំគឺ ទី១អាចផ្ទុកបាន៥៧លីត្រ និងមួយទៀតអាចផ្ទុកបាន ១២០លីត្រ។ ក្រុមហ៊ុនបច្ចេកវិទ្យា Panasonic បានសង្កត់បន្ថែមថា “ខ្លួនរំពឹងថានឹងអាចផ្គត់ផ្គង់នូវប្រអប់រក្សាសីតុណ្ហភាពនេះទៅតាមតម្រូវការជាក់ស្តែង ព្រោះវាជាមធ្យោបាយដឹកជញ្ជូន និងរក្សាគុណភាពវ៉ាក់សាំងយ៉ាងមានប្រសិទ្ធិភាពទៅតាមទីតាំងចាក់ថ្នាំបង្ការនីមួយៗ”។

រូបភាព៖ KYODO

អត្ថបទ៖ BRANDMEDIA

អានខ្លឹមសារលម្អិត៖ japantimes