|

ឆាប់ៗនេះ រាជធានីភ្នំពេញនឹងមានផ្លូវអាទិភាពមួយសម្រាប់តែរថយន្តក្រុងសាធារណៈ


នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលរាជធានី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវិធានការអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ជាមួយនឹងកំណើនសកម្មភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសនៅតំបន់កណ្តាលទីក្រុងកាន់តែស្មុគស្មាញ ដែលទាមទារឱ្យដំណោះស្រាយនានាត្រូវគិតគូរឱ្យបានម៉ត់ចត់ជាងមុនបន្ថែមទៀត។

ជាមួយគ្នានេះ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ គឺជាមធ្យោបាយដឹកជញ្ជូនមួយដ៏ល្អ និងជាដំណោះស្រាយសម្រាប់រាជធានីភ្នំពេញ ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ លើកកម្ពស់បរិស្ថានរស់នៅក្នុងទីក្រុង ក៏ដូចជាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ក្នុងអង្គប្រជុំគណៈកម្មាធិការរៀបចំផ្លូវអាទិភាពរថយន្តក្រុង និងដឹកជញ្ជូនសាធារណៈ Citybus អភិបាលរាជធានីភ្នំពេញបានប្ដេជ្ញាថា នឹងកែសម្រួលផ្លូវរត់រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងរថយន្តក្រុងសាធារណៈ ជំនួសឱ្យការប្រើប្រាស់សេវាឯកជន៕