|

សម្ដេច ហ៊ុន សែន៖  «បើសុន្ទរកថានាយករដ្ឋមន្ត្រីមិនមែនជាសុន្ទរកថាបង្គាប់បញ្ជា បានសេចក្ដីថានាយករដ្ឋមន្ត្រីនោះ មិនចេះកាន់អំណាចទេ»


នេះជាប្រសាសន៍លើកឡើងរបស់សម្ដេច តេជោ ហ៊ុន សែន ថ្លែងក្នុងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្ដេចបានយកឱកាសនេះ ឆ្លើយតបទៅនឹងមតិមួយចំនួន ដែលបានលើកឡើងថា សុន្ទរកថារបស់សម្ដេច ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា ក្នុងពេលដែលសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពុំមានលក្ខណៈបង្គាប់បញ្ជានោះទេ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បាន មានប្រសាសន៍សង្កត់ធ្ងន់ថា «បើសុន្ទរកថានាយករដ្ឋមន្ត្រីមិនមែនជាសុន្ទរកថាបង្គាប់បញ្ជា បានសេចក្ដីថានាយករដ្ឋមន្ត្រីនោះ មិនចេះកាន់អំណាចទេ»។ សម្ដេចក៏បានបន្តថា «ចាប់ពីពេលនេះទៅ សូមរង់ចាំមើល ថាតើសុន្ទរកថារបស់ ហ៊ុន ម៉ាណែត មានចរិតបង្គាប់បញ្ជាឬទេ? ចាប់ពីពេលនេះទៅសុន្ទរកថារបស់ខ្ញុំ មិនមែនជាសុន្ទរកថាបង្គាប់បញ្ជាទេ ព្រោះតួនាទីខុសគ្នា និងទីកន្លែងខុសគ្នា…។ ប៉ុន្តែតួនាទីជានាយករដ្ឋមន្ត្រី រាល់សុន្ទរកថាគឺសុទ្ធតែត្រូវចង្អុលបង្ហាញ និងត្រូវតែធ្វើ។

ក្នុងឱកាសនេះ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានលើកឡើងផងដែរចំពោះការអត្ថាធិប្បាយខ្លះដែលថា សម្ដេចផ្ទេរតែតំណែងមិនបានផ្ទេរអំណាចនោះ ជាការអត្ថាធិប្បាយដ៏ល្ងិតល្ងង់។ សម្ដេចបន្តថា «ពិតណាស់ហើយ មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនបានផ្ទេរអំណាច នោះជាការអត្ថាធិប្បាយដ៏ល្ងិតល្ងង់របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក»។ សម្តេចបានបន្តថា «ខ្ញុំគួរតែបង្រៀន អ្នកធ្វើអត្ថាធិប្បាយនោះថា តើសមាជិកសភាអនុញ្ញាតឲ្យចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ ? តើប្រធានគណបក្សនយោបាយ គេអនុញ្ញាតឲ្យមានការផ្ទេរអំណាចឲ្យ ឬមានការចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ ? ប្រសិនបើល្ង់បែបនេះ តើពេលណាទៅអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន? សម្តេចបញ្ជាក់ថា «នេះជាការដាស់តឿនរំឭកដល់អ្នកធ្វើអត្ថាធិប្បាយ និងវិភាគបែបឡប់មួយចំនួន ហើយបង្រៀនឲ្យមានការចេះដឹងច្រើនជាងនេះ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនជនរួមជាតិថា «ខ្ញុំមានលទ្ធភាពចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងឋានៈជាប្រធានគណៈបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្ត្រ និងគម្រោងអនាគតដែលមានការស្រុះស្រួលគ្នាក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះ លទ្ធភាពនៅក្នុងខែមីនា ឆ្នាំ២០២៤ ខ្ញុំនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ »។