|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងពីកម្មវិធីនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលថ្មី


នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

បន្ទាប់ពីការអនុម័តតែងតាំជាផ្លូវការនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីកម្មវិធីនយោបាយសំខាន់ៗដែលបានដក់ចេញដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់ទៅលើ៖

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

១, ការធានាទាំង ៥ យ៉ាងរបស់រាជរដ្ឋាភិបាល៖ ១/ ការធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព, ២/ ការធានាបន្តជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគ្រប់វិស័យ, ៣/ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន, ៤/ ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងនាបច្ចុប្បន្ន និងទៅអនាគត និងទី៥/ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពដល់ការអភិវឌ្សសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

២, កម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦៖ ១/ ការពង្រីកសេវាថែទាំសុខភាពទៅរកការគ្របដណ្តប់សុខភាពជាសាកល, ២/ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ៣/ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤/ ការដាក់ចេញ និងការជំរុញ អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥/ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦/ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។