ការវិលត្រឡប់ចូលប្រទេសវិញរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្កើតក្ដីមន្ទិលសង្ស័យសម្រាប់ឆាកនយោបាយថៃ


អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីនិរទេសខ្លួនជិត១៥ឆ្នាំ ដោយបានឡើងយន្តហោះឯកជននៅប្រទេសសិង្ហបុរី ហើយកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដុនមឿង ទីក្រុងបាងកក។

ការវិលត្រឡប់មកវិញនេះ ស្របពេលប្រទេសថៃបានធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី។ ប្រទេសនេះបានឆ្លងកាត់វដ្តនៃការបោះឆ្នោត និងរដ្ឋប្រហារ ដោយមានមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាតាមដងផ្លូវ។

ដោយឡែក ភឿថៃ ដែលជាបក្សចុងក្រោយបង្អស់នៃគណបក្សរបស់លោកថាក់ស៊ីន ដែលបានជាប់ឆ្នោតជាលើកទីពីរនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងខែឧសភា។ បន្ទាប់ពីគណៈបក្ស Move Forward មិនអាចបង្កើតរដ្ឋាភិបាលបាន ដោយសារសមាជិកព្រឹទ្ធសភាបដិសេធមិនគាំទ្រនោះ ភឿថៃបានប្រមូលផ្តុំគណបក្សមួយក្រុម រួមទាំងអ្នកដែលគាំទ្រដោយយោធាផងដែរ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានឡើងកាន់អំណាចក្នុងឆ្នាំ២០០១ នៅលើវេទិកាប្រជានិយមដែលទទួលបានការគំាទ្រយ៉ាងលើសលប់ពីប្រជាជនថៃ។ ប៉ុន្តែ លោក ថាក់ ស៊ីន ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច ហើយចាកចេញពីប្រទេសថៃកាលពីឆ្នាំ២០០៨ ដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថាមានចេតនានយោបាយ។

រូបភាពៈ The China Daily, CC-Times