សម្ដេច ហ៊ុន សែន៖ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈខ្ពស់ ក្នុងការផ្សាយដំណឹងជូនពលរដ្ឋ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានលើកទី៥ បានក្រើនរំឭកដល់អ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការផ្សាយដំណឹងជូនប្រជាពលរដ្ឋ ចៀសវាងការផ្សាយបំផ្លើស បង្កអស្ថិរភាពសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី១៤ ខែមករានេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖ «ក្រុមអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈនិងច្បាប់ស្ដីពីរបបសារព័ត៌មាន និងគោរពគោលការណ៍«កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។»

សម្ដេចនាយករដ្ឋមន្រ្តីបន្តទៀតថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ តាមរយៈការផ្សេព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋ អំពីសកម្មភាពរបស់រដ្ឋាភិបាល និងសេចក្ដីត្រូវការរបស់ពលរដ្ឋ។

«អាស្រ័យហេតុនេះ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការប្រមូល និងផ្សព្វផ្សាយដំណឹង។» សម្ដេច ហ៊ុន សែន​ បញ្ជាក់យ៉ាងដូច្នេះ។

នៅក្នុងបរិបទកូវីដ-១៩ គេសង្កេតឃើញមានព័ត៌មានអាស្រូវមួយចំនួន លេចឡើងក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជាទូទៅនៅក្នុងប្រទេស។

ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនខិលខូចមួយចំនួនបាននឹងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់ក្ដីនូវរឿងទំនាស់ដីធ្លីជាដើម។ សម្ដេច សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ បានធ្វើឱ្យខូចតម្លៃអ្នកសារព័ត៌មានជារួម។

គួររំឭកថា ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានលើកទី៥នេះ មិនអាចរៀបចំឡើងដូចរាល់ឆ្នាំបានទេ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ប៉ុន្តែ បើក្រឡេកមកមើលជំនួបកាលលើកទី៤កន្លងទៅវិញ គេឃើញមានអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ មកពីគ្រប់ស្ថាប័ននៃប្រទេសកម្ពុជាបានចូលរួមក្នុងជំនួបនោះ៕

រូបភាព៖​​ Samdech Hun Sen official page

និពន្ធដោយ៖ Mao Sreypich

កែសម្រួលដោយ៖ Ngay Nai