| |

លោកជំទាវ ចម និម្មល តំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេបំផុត ទំនងជានឹងក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងអាណត្តិទី៧នេះ


លោកជំទាវ ចម និម្មល ដែលត្រូវបានគេស្គាល់ថាគឺជាតំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀត ដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧នេះ គឺជាកូនស្រីបង្កើតរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ បើតាមព័ត៌មានលេចលឺ លោកជំទាវ ចម និម្មល នឹងក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧នេះ ក្នុងវ័យត្រឹម៤៣ឆ្នាំ។

លោកជំទាវ ចម និម្មល  កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ និងបានរៀបការនៅឆ្នាំ២០០២ ជាមួយឧត្តមសេនីយឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ។ អ្នកទាំងពីរបានសាងគ្រួសារដ៏មានសុភមង្គលមួយដែលមានកូនស្រី៣នាក់។ ក្នុងប្រវត្តិសិក្សា លោកជំទាវជាបញ្ញាវ័ន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក មុខជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម។

ក្នុងអាជីពការងារ លោកជំទាវបានបម្រើការក្នុងក្រសួងពាណិជ្ជកម្មរយៈពេលជិត២០ឆ្នាំ និងមានតួនាទីជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្រៅអំពីតួនាទីនេះលោកជំទាវ ចម និម្មល ក៏ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានមហាសន្និបាតសម្រេចបញ្ចូលជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ជាមួយនឹងបេក្ខភាព ១៥ រូប ទៀតនៅក្នុងមហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រៅពីតួនាទីផ្លូវការ លោកជំទាវ ចម និម្មល ក៏ជាសមាជិកក្រុមប្រឹក្សាជាតិដើម្បីស្ត្រីផងដែរ។ នេះគឺជាវេទិកាស្នូលដើម្បីវិវឌ្ឍន៍ និងដឹកនាំក្នុងការបង្កើតគោលនយោបាយ និងការកំណត់របៀបវារៈសម្រាប់ការលើកកម្ពស់យេនឌ័រ។ លោកជំទាវ បានលើកទឹកចិត្តដល់សហគ្រិនស្ត្រីឱ្យកាន់តែមានសំឡេង និងចូលរួមវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីពួកគេអាចពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ លោកជំទាវ ចម និម្មល ក៏ត្រូវបានចាត់ទុកថាគឺជាគំរូដ៏ល្អនៃភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលបានអនុវត្តគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញភាពជាសហគ្រិនស្ត្រីក្នុងប្រទេសរួមទាំងការខិតខំអភិវឌ្ឍយុវជនក្នុងភាពជាអ្នកដឹកនាំផងដែរ។

តាមយៈសកម្មភាពទាំងអស់នេះ លោកជំទាវបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាង និងលើកកម្ពស់ស្ត្រី និងរួមចំណែកខិតខំប្រឹងប្រែងបង្កើតឱកាសសម្រាប់ស្ត្រីឱ្យមានសមភាពជាមួយបុរស។ ជាពិសេសទៅទៀតនោះ គឺការរួមចំណែកជំរុញឱ្យមានគោលនយោបាយដែលអនុញ្ញាតឱ្យស្ត្រីកាន់តែច្រើនត្រូវបានតែងតាំងឱ្យកាន់តំណែងជាអ្នកដឹកនាំ៕