រដ្ឋាភិបាលកម្ពុជា៖ វិស័យអប់រំ នៅតែជាអាទិភាពចម្បងគេ ពិសេសក្នុងបរិបទកូវីដ-១៩


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅថ្ងៃទី១១ ខែមករាកន្លងទៅថ្មីៗនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបន្តផ្ដល់អាទិភាពទី១ លើវិស័យអប់រំ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។

ថ្លែងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ «ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា កំពុងបន្តជួបប្រទះជំងឺរាតត្បាតសកល កូវីដ-១៩ ក៏ថ្នាក់ដឹកនាំតាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅតែជំរុញវិស័យអប់រំឱ្យដើរទៅមុខ ដោយអនុវត្តទៅតាមគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។»

សម្ដេចនាយករដ្ឋមន្រ្តី បន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្ដោតលើ៖

១. ការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្រ្តបង្រៀនតាមការរិះរក និងអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សរ៍ទី២១ ដែលជាវិធីសាស្ត្របង្រៀនតាមបែបចម្រុះ។ ធ្វើដូច្នេះ សិស្សអាចអនុវត្តជាក់ស្ដែងនៅក្នុងថ្នាក់ផង និងស្វ័យសិក្សាផង។

២. ការរៀបចំ និងអនុវត្តកម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើស ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស មានលក្ខណៈពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ ក៏ដូចជាការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

៣. គ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងសេវាបង្រៀន និងរៀន ដើម្បីបង្កើនគុណភាពនៃវិស័យអប់រំ ឱ្យស្របទៅតាមការរីកចម្រើនរបស់ពិភពលោក។

ម៉្យាងវិញទៀត សម្ដេច ហ៊ុន សែន ក្រើនរំឭកដល់ក្រសួងអប់រំ បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩នេះ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលចូលទៅក្នុងគ្រឹះស្ថានសិក្សា។

គួរបញ្ជាក់ផងដែរថា បវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ត្រូវបានពន្យារមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយសារបញ្ហាជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមថ្ងៃនេះ គ្រឹះស្ថានសិក្សាមួយចំនួននៅតែបន្តរៀនតាមប្រព័ន្ធអនឡាញ ដោយមិនអាចចូលថ្នាក់រៀនបានជាប្រក្រតីនៅឡើយ៕

រូបភាព៖​​ Cambodian Prime Minister official page

ដោយ៖​ យុវជនស្ម័គ្រចិត្តប្រេនបូឌា Ngay Nai