អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពន្យាពេលក្នុងការវិលត្រឡប់ចូលប្រទេសវិញ ស្របពេលមានភាពមិនច្បាស់លាស់នៃការបង្កើតរដ្ឋាភិបាលថ្មី
យោងប្រភពពីគណបក្ស ភឿថៃ បាននិយាយថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់ចូលប្រទេសថៃនឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្ស ភឿថៃ ត្រូវបានបង្កើតឡើង ។
អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានគេជឿថា ជាមេដឹកនាំបក្សភឿថៃដំបូង មានគម្រោងវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ ប៉ុន្តែផែនការនេះត្រូវបានពន្យាពេល ទំនងជាដោយសារភាពមិនច្បាស់លាស់នៃការបង្កើតរដ្ឋាភិបាលថ្មីក្នុងប្រទេសថៃ។
តាមប្រភពបានបន្ថែមថា លោក ថាក់ស៊ីន គួរតែកំណត់ពេលចូលប្រទេសវិញនៅពេលដែលគណបក្ស ភឿថៃ ពិភាក្សាជាមួយភាគីផ្សេងទៀតដើម្បីចូលរួមសម្ព័ន្ធថ្មីរបស់ខ្លួន។ បច្ចុប្បន្នគណបក្សចំនួន៣ ទំនងជាចូលរួមជាមួយប្លុកដែលដឹកនាំដោយគណបក្ស ភឿថៃ គឺ គណបក្ស Bhumjaithai , Chartthaipattana និងគណបក្សប្រជាធិបតេយ្យ។
យ៉ាងណាមិញ លោក Pichit Tamoon ដែលជាឥស្សរជនសំខាន់នៃរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការបាននិយាយថា សេចក្តីប្រកាសអំពីការវិលត្រឡប់របស់លោក ថាក់ស៊ីន នៅថ្ងៃទី១០ ខែសីហា គ្រាន់តែជាឧបាយកលដើម្បីបង្រួបបង្រួមការ គាំទ្រពីអ្នកគាំទ្រគណបក្ស ភឿថៃ ប៉ុណ្ណោះ។ ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ លោក Pol Gen Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា អតីតនាយករដ្ឋមន្ត្រីរូបនេះមិនបានបញ្ជាក់ពីកាលវិភាគវិលត្រឡប់របស់គាត់ជាមួយប៉ូលីសទេ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ មុនពេលគាត់ត្រូវបានកាត់ទោសដោយតុលាការកំពូលពីបទ ជួយប្រពន្ធរបស់គាត់ក្នុងការធ្វើអាជីវកម្មអចលនៈទ្រព្យ ខណៈពេលដែលគាត់ជានាយករដ្ឋមន្ត្រី។
ប្រភព: BANGKOK POST