សារពិសេសសម្តេចតេជោ ហ៊ុន សែន ស្តីពី៖ «ដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី និងការប្រកាសចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយប្រគល់ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីកាន់តំណែងបន្ត»
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងសារពិសេសពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចាកចេញពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ហើយប្រគល់ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ផងដែរ។
សម្តេចបានថ្លែងថា សម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយនឹងត្រូវតែងតាំងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការប្រកាសរបស់សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ គឺជាការអនុវត្តន៍តាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការផ្ទេរព្រះរាជបល្ល័ង្ក និងជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ មួយវិញទៀតនេះជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ ហើយសម្តេចក៏មិនជ្រៀតជ្រែកការងាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។ ក្នុងនោះដែរការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនតម្រូវឱ្យមានការគាំទ្រពីបរទេសណាមួយនោះឡើយ គឺត្រឹមតែប្រជាពលរដ្ឋគាំទ្រគ្រប់គ្រាន់ហើយ។ ការក្លាយទៅជានាយករដ្ឋមន្ត្រី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងហោចណាស់ឆ្លងកាត់៤ដំណាក់កាល គឺការឯកភាពផ្ទៃក្នុងបក្ស ត្រូវតែជាប់ជាសមាជិកសភាតាមរយៈការបោះឆ្នោតសកល ទទួលការតែងតាំងពីព្រះមហាក្សត្រឱ្យរៀបចំរាជរដ្ឋាភិបាល និងឆ្លងកាត់ការអនុម័តដោយសភាជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក៏នឹងត្រូវត្រាស់បង្គាប់តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីទាំងឡាយដែលមិនអាចបន្តតំណែង សូមមេត្តាយោគយល់ ហើយត្រូវតែមានការលះបង់។
រូបភាព: Fresh News