| |

ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា តាមរយៈយុទ្ធនាការឃោសនារកសំឡេងឆ្នោត២១ថ្ងៃកន្លងមកនេះ បានបង្ហាញពីភាពចាស់ទុំ និងក្រមសីលធម៌របស់គណបក្សនយោបាយ


នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាការបោះឆ្នោតគ្រប់គណបក្សនយោបាយទាំងអស់ បានចេញឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតរៀងៗខ្លួនយ៉ាងផុសផុល។ ជាមួយគ្នានេះ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយ ក្នុងថ្ងៃទី២១នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

តាមរយៈក្បួរដង្ហែនេះបង្ហាញថា គណបក្សនយោបាយកាន់តែចាស់ទុំផ្នែកនយោបាយ មានក្រមសីលធម៌ត្រឹមត្រូវ និងចែកវេនគ្នាធ្វើសកម្មភាព ខណៈពាក្យបណ្តឹងមានត្រឹមតែប្រមាណ៣០បណ្តឹងប៉ុណ្ណោះ ហើយភាគច្រើនជាបណ្តឹងពាក់ព័ន្ធនឹងការឃោសនាតាមអនឡាញ។ នេះបើយោងតាមប្រសាសន៍របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងប្រាប់សារព័ត៌មានថ្មី ថ្មី។
 

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប

លោកបានបន្តថា អ្នកសង្កេតការអន្តរជាតិ ដែលមកពី៦០ស្ថាប័ន ក្នុងនោះមានអតីតមេដឹកនាំស្ថាប័នរដ្ឋ និងសភា ពីបណ្តាប្រទេសនានា គឺដោយសារតែពួកគាត់ចាប់អារម្មណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលដំណើរការតាមប្រជាធិបតេយ្យ និងផ្អែកតាមនីតិរដ្ឋត្រឹមត្រូវ។

គួរបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោត ៦លើករួចមក ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍

 រូបភាព: Thmey Thmey