|

រដ្ឋមន្ត្រីក្រសួងអប់រំ គូសបញ្ជាក់ថា ភាពជោគជ័យរបស់សិស្សានុសិស្ស កើតចេញពីការវិនិយោគរបស់មាតាបិតា ដែលមានតម្លៃស្មើនឹងការអភិវឌ្ឍសង្គមជាតិ


ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនៅពេលនេះ កើតចេញពីការវិនិយោគរបស់មាតាបិតា ហើយការវិនិយោគនេះគឺជាការវិនិយោគដ៏មានតម្លៃ ដ្បិតការកសាងធនធានមនុស្សមានន័យស្មើនឹងការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសន្តិភាពជូនប្រទេសជាតិនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់ជាដំបូន្មានល្អៗ ជូនប្អូនៗឱ្យ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សយ៉ាងពេញលេញមួយ ពោរពេញដោយបំណិន សម្បទា វិជ្ជាសម្បទា ចរិយាសម្បទា ជាពិសេសគឺជាចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅពេលនេះ៕

ប្រភព: MoEYS