| |

អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា


នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមកបានដាក់ចេញនូវគោលនយោបាយក្នុងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា ការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ តាមរយៈកំណែទម្រង់កម្មវិធីសិក្សា ការចេញសេចក្តីណែនាំស្តីពីការអនុវត្តហាមឃាត់ការជក់បារីនៅតាមកន្លែងធ្វើការ និងនៅតាមគ្រឹះស្ថានសិក្សា ការដាក់បញ្ចូលខ្លឹមសារមេរៀនពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ការចេញសេចក្តីណែនាំស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនផងដែរ។

ជាមួយគ្នានេះ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងភាគីដៃគូពាក់ព័ន្ធ ក្រសួងបានសហការផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១មក។

គួរបញ្ជាក់ថា ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព: MoEYS