តើការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ និងតាមបែបវិសហមជ្ឈការ មានលក្ខណៈខុសគ្នាបែបណាខ្លះ?


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបរដ្ឋនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីពេលថ្មីៗនេះថា ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

តើការផ្ទេរតាមបែប«វិមជ្ឈការ» និង «វិសហមជ្ឈការ» មានលក្ខណៈខុសគ្នាបែបណាខ្លះ?

« វិមជ្ឈការ» គឺសំដៅលើការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាល ទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

ចំណែក« វិសហមជ្ឈការ» សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ។

បច្ចុប្បន្ននេះ «វិមជ្ឈការ» កំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផងដែរ។ នេះបើតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានមានប្រសាសន៍គូសបញ្ជាក់។

ដោយឡែក ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាតាមទិដ្ឋភាពដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការដាក់ចេញនូវអនុក្រឹត្យចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី “ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ”។ តាមបញ្ញត្តិអនុត្រឹត្យនេះ ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា គឺផ្ដោតលើការប្រគល់មុខងារចំនួនបី រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។

ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យនេះ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាង ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាន និងកំពុងអនុវត្តដោយ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

តែទោះបីយ៉ាងណា ក្រសួង អប់រំ យុវជន និង កីឡា នៅតែមានតួនាទី សំខាន់នៅ ក្នុងការ រៀបចំ គោលនយោបាយជាតិ ផែនការ យុទ្ធសាស្ត្រ ជាតិ ការសិក្សាស្រាវជ្រាវកម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ កាគាំទ្របច្ចេកទេស ការតាមដានត្រួតពិនិត្យ និងវាយតម្លៃដដែល៕