| |

អបអរអ្នកបាត់ដំបង! រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់បញ្ចូលក្រុងបាត់ដំបង ជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ UCCN នៅក្នុងឆ្នាំ២០២៣នេះ


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អង្គការយូណេស្កូការិយាល័យភ្នំពេញ, រដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ” ក្រោមអធិបតីឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងទេសចរណ៍ និងលោក ម៉ាសាណូរី ណាហ្គាអូកា តំណាងអង្គការយូណេស្កូការិយាល័យភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាត់ដំបង ក្នុងគោលបំណងដើម្បី (១) ពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធទាំងអស់, (២) ប្រមូលធាតុចូលបន្ថែម, (៣) ធ្វើបច្ចុប្បន្នភាពលើឯកសារស្នើសុំ និង (៤) ដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) បង្កើតឡើងក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ ទីក្រុងចំនួន ២៩៥ ដែលបច្ចុប្បន្នបង្កើតបណ្តាញនេះធ្វើការរួមគ្នាឆ្ពោះទៅរកគោលបំណងរួមមួយ៖ ការដាក់ការច្នៃប្រឌិត និងឧស្សាហកម្មវប្បធម៌ជាបេះដូង នៃផែនការអភិវឌ្ឍន៍របស់ពួកគេនៅកម្រិតមូលដ្ឋាន និងសហការយ៉ាងសកម្មនៅកម្រិតអន្តរជាតិ។

បណ្តាញគ្របដណ្តប់លើវិស័យច្នៃប្រឌិតចំនួនប្រាំពីរគឺ៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត ការរចនា អាហារដ្ឋាន អក្សរសាស្ត្រ និងតន្ត្រី។ បណ្តាញទីក្រុងច្នៃប្រឌិត គឺជាដៃគូដ៏មានសិទ្ធិរបស់អង្គការយូណេស្កូ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ការឆ្លុះបញ្ចាំងពីតួនាទីនៃភាពច្នៃប្រឌិត ដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋាននៃសកម្មភាព និងការច្នៃប្រឌិត ជាពិសេសសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, Tsuruoka city of gastronomy