|

សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិនប្រាថ្នាកាន់ញញួរលើកទី៤ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០៣២ទេ»


នេះជាប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់បរទេសលើកិច្ចការផ្ទៃក្នុងកម្ពុជា សម្ដេចបានផ្ញើសារទៅកាន់បរទេសថា «អ្នកទាំងអស់ ត្រូវមើលកម្ពុជាឱ្យឆ្ងាយពីកម្ពុជា។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាមានសិទ្ធិមិនព្រមចេញសេចក្ដីថ្លែងការណ៍ណាមួយ។ បើគាបសង្កត់កម្ពុជា ស្មើនឹងគាបសង្កត់អាស៊ានដែរ ព្រោះកម្ពុជាជាសមាជិកសកម្មមួយ និងទើបបញ្ចប់ភារកិច្ចជាប្រធានអាស៊ានថ្មីៗនេះ។ ទន្ទឹមនឹងនេះ សម្ដេចផ្ទាល់ដែលធ្លាប់បានកាន់ញញួរជាប្រធានអាស៊ាន ៣លើករួចមកហើយ ហើយសម្ដេចមិនប្រាថ្នាកាន់ញញួរលើកទី៤ នៅឆ្នាំ២០៣២ទេ ព្រោះវានៅឆ្ងាយពេក។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ទៅកាន់មិត្តបរទេសទាំងអស់អញ្ជើញចូលរួមកម្មវិធីព្រឹកនេះ សូមឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានឆ្លងកាត់នូវការលំបាកជាច្រើនចាប់តាំងពីបានដៃទទេមក។ សម្តេចតេជោបានបន្តថា នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។

សូមជម្រាបថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ប្រភព៖ SPM