បទវិភាគ: កត្តាសំខាន់ៗ ដែលកំណត់ភាពជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣
ស៊ីហ្គេមនៅកម្ពុជា បានបញ្ចប់ទៅប្រកបទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយសរុបចំនួន ១៨១ ដែលចំនួននេះ ជាកំណត់ត្រាដ៏ប្រសើរលើសពីការរំពឹងទុក ក្នុងភាពជាម្ចាស់ផ្ទះលើកដំបូងរបស់ខ្លួន។
តើកត្តាសំខាន់ៗអ្វីខ្លះ ដែលកំណត់ឱ្យកម្ពុជាទទួលបានជោគជ័យគួរជាទីមោទកនេះ?
កត្តាទី១ គឺកត្តាសុខសន្តិភាព: សុខសន្តិភាពគឺជាបុរេលក្ខខណ្ឌ សន្តិភាព បាននាំមកនូវលំនឹងសង្គម ភាពសុខដុមរមនា ដែលអនុញ្ញាតឲ្យកីឡាករ កីឡាការនីមានលទ្ធភាពក្នុងការហ្វឹកហាត់ លុតដំ សមត្ថភាពយ៉ាងពេញលេញ ជាមួយនឹងការត្រៀមខ្លួនបានរួចរាល់សម្រាប់ការដណ្ដើមមេដាយជូនជាតិនាឱកាសនេះ។
កត្តាទី២ គឺកត្តានយោបាយ: គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកីឡា ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ក្នុងដំណើរអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានគូសបញ្ជាក់ផងដែរថា ការរៀបចំស៊ីហ្គេមនៅកម្ពុជា រួមទាំងការសម្រេចចិត្តសំខាន់ៗក្នុងព្រឹត្តិការណ៍នេះ គឺធ្វើឡើងក្នុងន័យពង្រីកសមាហរណកម្មនៃបណ្ដាប្រជាជាតិអាស៊ាន ក៏ដូចជាបណ្ដាប្រទេសផ្សេងៗលើពិភពលោកផងដែរ។
កត្តាទី៣ គឺការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធ: ក្រសួង ស្ថាប័នពាក់ព័ន្ធ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើអត្តពលិក ដោយជំរុញឱ្យហ្វឹកហាត់សមត្ថភាព បច្ចេកទេសជាបន្តបន្ទាប់ រួមទាំងការបញ្ជូនអត្តពលិកទៅហាត់នៅក្រៅប្រទេសផងដែរ ក្នុងន័យពង្រឹងគុណភាពកីឡាករ កីឡាការនី ក្នុងព្រឹត្តិការណ៍ដែលយើងបានរៀបចំជាលើកដំបូងនេះ។ ជាក់ស្ដែង មុនពេលការប្រកួតស៊ីហ្គេម ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនចិន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ១៦១រូប ស្មើនឹង១២ប្រភេទកីឡាចេញទៅហ្វឹកហាត់នៅចិនរយៈពេលវែង ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញកីឡាកម្រិតខ្ពស់ផងដែរ។
កត្តាទី៤ គឺការគាំទ្រពីប្រជាជន: ជាកត្តាមួយគួរឱ្យកត់សម្គាល់ ដែលប្រជាជនកម្ពុជាស្ទើគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈបានបង្ហាញការគាំទ្រយ៉ាងផុសផុល តាមរយៈការទៅលើកទឹកចិត្តប្រកួតផ្ទាល់ សន្ធឹកសំឡេងហ៊ោកញ្រ្ជៀវ ស្នាមញញឹម ការលើកទឹកចិត្តដ៏ធំធេងនៅទីតាំងប្រកួតផ្ទាល់ ក៏ដូចជាការលើកទឹកចិត្ត និងបង្ហាញការគាំទ្រពីចម្ងាយ។ នេះជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កីឡាករ កីឡាការនី ក្នុងការប្រឹងប្រែងឈានទៅរកភាពជោគជ័យ។
កត្តាទី៥ គឺការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ: កីឡាគឺលើសពីភាពចាញ់ និងឈ្នះ។ រាជរដ្ឋាភិបាល និងបណ្ដាថ្នាក់ដឹកនាំនានា តែងបានផ្ដល់ភាពកក់ក្ដៅដល់អត្តពលិកគ្រប់រូប ក្រោមរូបភាពគាំទ្រ និងលើកទឹកចិត្ត។ អ្នកឈ្នះ ទទួលបានរង្វាន់ និងមេដាយកិត្តិយស ឯអ្នកចាញ់ទទួលបានការឧបត្ថម្ភលើកទឹកចិត្ត តបស្នងចំពោះទឹកចិត្តតស៊ូ និងខិតខំប្រឹងប្រែងដើម្បីជាតិ។
ទាំងនេះ គឺជាកត្តាដ៏ចម្បង ដែលកំណត់ឱ្យកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីដ៏គួរឱ្យចងចាំ ហើយកេរឈ្មោះកម្ពុជារីកសុះសាយពេញក្នុងតំបន់ និងលើពិភពលោកក្នុងអំឡុងព្រឹត្តិការណ៍ ជាមួយនឹងការកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជាយ៉ាងខ្ទរខ្ទារ៕