សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងផ្ដល់ចំណងដៃដល់កម្លោះក្រមុំ ដែលរៀបការតាមរយៈការស្គាល់គ្នាតាមឡានក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ
នៅព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។នាឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរ ដែលកម្ពុជាបានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ។
ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានប្រជាជនប្រមាណ៥មុឺននាក់បានជិះរថយន្តក្រុងដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងពេលចូលឆ្នាំកន្លងមក ប្រជាជនបានស្គាល់គ្នាលើឡានក្រុងនិងដែលអាចមានកម្លោះក្រមុំស្គាល់គ្នាផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា «ប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង ដើម្បីជាចំណងដៃសម្រាប់ក្រមុំកម្លោះទាំងឡាយដែលស្គាល់គ្នាលើឡានក្រុង។
គួរបញ្ជាក់ថា នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចបានអនុញ្ញាតដាក់ឲ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋជាង៥ម៉ឺននាក់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយចំនួនរកស៊ី ឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ សម្ដេចអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីនេះ។