|

មកស្គាល់ព្រះវិហារមួយ ដែលមានអាយុកាលជិត១០០ឆ្នាំ ជាសំណង់សល់ពីសម័យសង្គ្រាម


វត្តបឹងកោះស្រែប្រាំង ឬវត្តស្រែប្រាំង មានទីតាំងស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅក្បែរព្រំដែនកម្ពុជា-វៀតណាម។ នៅក្នុងបរិវេណវត្តនេះ មានព្រះវិហារដ៏ចំណាស់មួយដែលបានសាងសង់ឡើងក្នុងពុទ្ធសករាជ២៥០៨ គ្រិស្តសករាជ១៩៦៥។

នេះជាសំណង់មួយ ក្នុងចំណោមសំណង់ស្ថាបត្យកម្មតិចតួចដែលនៅសេសសល់ពីសម័យសង្គ្រាម ។ ព្រះវិហារនេះ មានក្បូរក្បាច់រចនាបែបខ្មែរ នៅលើជញ្ជាំងខាងក្នុងមានគំនូរជាង៥០ផ្ទាំង ដែលរៀបរាប់ពីពុទ្ធប្រវត្តិ និងគំនូរប្រមាណ៤០ផ្ទាំងផ្សេងទៀត បានរៀបរាប់អំពីរឿងជាតក និងរឿងរ៉ាវផ្សេងៗ។

នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានយកព្រះវិហារនេះធ្វើជារោងម៉ាស៊ីន និងបានបំផ្លាញរូបគំនូរបុរាណមួយចំនួន។ បច្ចុប្បន្ននេះ ព្រះវិហារក្នុងវត្តបឹងកោះស្រែប្រាំង ត្រូវបានថែរក្សា និងអភិរក្ស ជាសម្បត្តិវប្បធម៌របស់ខ្មែរសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់។

ប្រភព៖ Ministry of Environment