ទីបំផុត គណៈបក្សនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរំលាយជាផ្លូវការដោយយោធាមីយ៉ាន់ម៉ា


អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្កយ៉ាងខ្លាំង ជុំវិញការរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី(NLD) ដោយរបបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅនេះ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា «នេះគឺជាជំហានមួយក្នុងទិសដៅដែលយើងមិនចង់ឱ្យកើតឡើង។ យើងចង់ឃើញការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងចង់ឃើញការដោះលែងលោកស្រី Aung San Suu Kyi និងមនុស្សផ្សេងទៀតដែលបន្តឃុំខ្លួន ហើយយើងនឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ។

យោធាមីយ៉ាន់ម៉ាបានកំណត់កាលកំណត់ក្នុងខែមករាសម្រាប់គណបក្សនយោបាយដើម្បីចុះឈ្មោះបោះឆ្នោតថ្មី និងបានរំលាយគណបក្សចំនួន ៤០ កាលពីថ្ងៃអង្គារនេះ រួមទាំងគណបក្ស NLD របស់លោកស្រី ស៊ូជី ផងដែរ សម្រាប់ការខកខានមិនបានបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះ។ ជាមួយគ្នានេះ ច្បាប់ថ្មីដ៏តឹងរឹង នឹងត្រូវបានអនុវត្តនៅក្នុងអំឡុងពេលបោះឆ្នោត ឆ្នាំ២០២៣នេះផងដែរ។

ច្បាប់ថ្មីនេះនឹងរារាំងគណបក្ស និង/ឬបេក្ខជន ដែលចាត់ទុកថាមានទំនាក់ទំនងជាមួយបុគ្គល ឬអង្គការនានា “ត្រូវបានកំណត់ថាជាអ្នកប្រព្រឹត្តអំពើភេរវកម្ម” ឬត្រូវបានគេមើលឃើញថាជា “ខុសច្បាប់” ពីការដំណើរការ។ គណបក្សដែលចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅខែសីហាឆ្នាំនេះក៏ត្រូវមានសមាជិកយ៉ាងតិច១០ម៉ឺននាក់ក្នុងរយៈពេលបីខែនៃការចុះឈ្មោះ។ ពួកគេក៏នឹងត្រូវការប្រាក់យ៉ាងតិច ១០០ លាន kyat របស់មីយ៉ាន់ម៉ាដែលដាក់នៅក្នុងធនាគារសេដ្ឋកិច្ចមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរដ្ឋ។ ចំនួនទឹកប្រាក់នេះគឺ ច្រើនជាង១០០ដងទៅនឹងអ្វីដែលត្រូវបានទាមទារនៅក្រោមច្បាប់ចាស់ដែលបានអនុម័តក្នុងកំឡុងឆ្នាំ ២០១០ ។

គួរបញ្ជាក់ថា គណបក្សក៏ត្រូវមានសាខាតំណាងយ៉ាងហោចណាស់ពាក់កណ្តាលនៃសង្កាត់ទាំង ៣៣០ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ៦ ខែ ស្របពេលដែលមានតំណាងចូលរួមប្រកួតប្រជែងយ៉ាងហោចណាស់ពាក់កណ្តាលនៃមណ្ឌលបោះឆ្នោតទាំងអស់៕

ប្រភព៖ Anadolu Agency, Thai PBS World