| |

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «មិនត្រូវមើលកម្ពុជា ត្រឹមតែកម្ពុជានោះទេ»


នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេច តេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI)។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ សម្ដេចបានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាបច្ចេកទេសកាន់តែមានតម្រូវការខ្លាំងណាស់ ទាំងតម្រូវការក្នុងស្រុក និងមួយផ្នែកទៀតគឺការទាក់ទាញអ្នកវិនិយោគចូលមកកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព បណ្ដុះបណ្ដាលធនធានមនុស្សគ្រប់គ្រាន់សម្រាប់ការផ្ដល់ឱ្យ និងបំពេញតម្រូវការដល់វិនិយោគិន។

សម្ដេចបានធ្វើការគូសបញ្ជាក់ថា ការដាក់ចេញនូវគោលដៅការងារ មិនអាចមិនផ្សារភ្ជាប់នឹងខ្សែសង្វាក់នៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានលក្ខណៈជាពហុវិស័យ រួមទាំងបរិស្ថានគ្របដណ្ដប់ស្ដីអំពីបញ្ហាសន្ដិភាព ដែលជាកត្តាធានាដើម្បីការអភិវឌ្ឍនោះទេ។ សម្ដេចបានបញ្ជាក់ថា ចំពោះទីផ្សាររបស់កម្ពុជា បរទេសមិនត្រូវមើលកម្ពុជាត្រឹមតែកម្ពុជានោះទេ ត្រូវមើលកម្ពុជាឱ្យហួសពីកម្ពុជា។ កម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយក៏ជាដៃគូពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន រវាងកម្ពុជា និងកូរ៉េខាងត្បូង និងមិនយូរប៉ុន្មានទេ យើងក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងអារ៉ាប់។

ជាមួយគ្នានេះ យើងក៏កំពុងរៀបចំខ្លួនដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត។ ដោយឡែក អាស៊ានក៏កំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-សហភាពអឺរ៉ុបផងដែរ។ យើងនៅមានទីផ្សារដទៃទៀត ដែលយើងអាចទៅរួច ដូច្នេះមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ទីផ្សារកម្ពុជាទេ យើងកំពុងចូលទៅកាន់ទីផ្សារនៃមនុស្សរាប់ពាន់លាននាក់។

សូមជម្រាបផងដែរថា នេះជាលើកទី៤ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅតាមគ្រប់មុខជំនាញផ្សេងៗនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកវិទ្យា ដែលឆ្នាំនេះមាននិស្សិតសរុបប្រមាណ ៥៤៥០នាក់៕