|

គណៈអភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាជាមួយនឹងដៃគូហិរញ្ញប្បទានលើគម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់


កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយលោក Jean-Pierre PRUVOST ប្រធានផ្នែកប្រតិបត្តិការពិសេសទទួលបន្ទុកភាពជាដៃគូអន្តរជាតិ នៃទីភ្នាក់ងារទឹកសែនណ័រម៉ង់ឌី (AESN) ដែលជាដៃគូហិរញ្ញប្បទានមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ។

យោងតាមឯកឧត្តម អភិបាលរងបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់ស្ថានីយប្រព្រឹត្តកម្មភក់បង្គន់ទី១ មានទីតាំងនៅខណ្ឌកំបូល ដែលគ្រោងនឹងបញ្ចប់ការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ។ ជាមួយវឌ្ឍនភាពដ៏ល្អ និងភាពជោគជ័យនៃការអនុវត្តគម្រោងនេះ នឹងអនុញ្ញាតឱ្យរាជធានីភ្នំពេញយើងអាចបន្តសាងសង់ស្ថានីយជាបន្តបន្ទាប់ទៀតនាពេលអនាគត ដើម្បីចូលរួមលើកកម្ពស់អនាម័យទីក្រុង និងសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ គម្រោងនេះក៏នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកាត់បន្ថយកង្វក់ទឹកប្រឡាយក្នុងទីក្រុងផងដែរ។ ដោយឡែក ចំពោះអត្ថប្រយោជន៍ក្នុងផ្នែកសេដ្ឋកិច្ច-សង្គមវិញ គឺការកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី ការផលិតជីសិរីរាង្គដោយខ្លួនឯងសម្រាប់ប្រើប្រាស់ និងចរាចរក្នុងទីផ្សារកសិកម្មជាដើម។

គួរបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាស្ថាននីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់មុនគេបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មបានចំនួន ៧០ ម៉ែត្រគូបក្នុងមួយថ្ងៃស្មើនឹង ២៥,៥៥០ ម៉ែត្រគូបក្នុងមួយឆ្នាំ។ ស្ថានីយ៍នេះផងដែរ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអគ្គលេខាធិការអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)៕