«ក្រសួងអប់រំ យុវជន និងកីឡា មើលឃើញថា ការជម្រុញការអាន និងការស្រាវជ្រាវ គឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន សម្រាប់ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស»
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ក្រោយពីបានធ្វើការជួសជុលកែលម្អរួច កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
![](https://media.brandbodia.com/wp-content/uploads/2023/02/IMG_2019-1024x682.jpg)
នាក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំបណ្ណាល័យនៅតាមមជ្ឈមណ្ឌលភូមិភាគឱ្យទៅជាបណ្ណាល័យមួយថ្មីមានស្តង់ដាខ្ពស់មានសោភណ្ឌភាពដែលអាចទាក់ទាញ គរុសិស្ស គ្រូឧទ្ទេស ចូលអានក្នុងការស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស។
![](https://media.brandbodia.com/wp-content/uploads/2023/02/IMG_2024-1024x682.jpg)
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញថា ការជម្រុញការអាន និងការស្រាវជ្រាវ គឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន ហេតុនេះក្រសួងបានកែលម្អបណ្ណាល័យ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ចាប់ពីឆ្នាំ២០២០មក ក្នុងនោះមានគរុកោសល្យភូមិភាគកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល។
![](https://media.brandbodia.com/wp-content/uploads/2023/02/IMG_2023-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/02/IMG_2022-1024x682.jpg)
គួរបញ្ជាក់ផងដែរថា បណ្ណាល័យនេះ បានបំពាក់នូវគ្រឿងបរិក្ខារទំនើបទាន់សម័យ មានកន្លែងអង្គុយមានផាសុខភាព ម៉ាស៊ីនត្រជាក់ មានបន្ទប់ពហុបំណង និងបន្ទប់បំរើការងាររបស់បណ្ណារក្ស និងបញ្ជកុំព្យូទ័រ ព្រមទាំងសៀវភៅជាភាសាបារាំង អង់គ្លេស និងភាសាខ្មែរជាច្រើនសម្រាប់ស្រាវជ្រាវ។ ដោយឡែក កម្មវិធីសម្ពោធនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាលលោកគ្រូ អ្នកគ្រូ និងគរុសិស្សជាច្រើនរូបផងដែរ៕
![](https://media.brandbodia.com/wp-content/uploads/2023/02/IMG_2020-1024x682.jpg)
ប្រភព៖ MoEYS