|

ចាញ់ Timor Leste ៧:៣ ក្នុងទឹកដៃជប៉ុនមែន ប៉ុន្តែ…..


យោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា” បានឲ្យដឹងថា៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមបាល់ទាត់បុរសជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ បានប្រកួតចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិទីម័រក្រោមអាយុ១៩ឆ្នាំ ក្នុងលទ្ធផល ៧:៣ ក្នុងដែនកោះជប៉ុន។

ទោះបីជាការប្រកួតដំបូងនេះមិនទទួលបានលទ្ធផលល្អយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាចាប់អារម្មណ៍នោះគឺ ក្នុងបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែល “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា” បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះ មានកីឡាកររូបសង្ហាវ័យ១៦ឆ្នាំម្នាក់ ដែលមានឈាមជ័រខ្មែរ-នូវ៉ែលហ្សេឡង់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ កីឡាករ លឹម អារុណ រ៉េយមិន ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិនូវ៉ែលហ្សេឡង់រូបនេះ បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយភ្ជាប់នឹង Caption ជាភាសាខ្មែរ និងអង់គ្លេសថា៖”ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមប្រកួតកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាលើកដំបូង Was Difficult game. 7-3 loss. A lot of room for improvement. Despite the loss, happy to have been on starting 11 and to have played a full game on my debut.Next game against kagoshima united”

“វាជាការប្រកួតដ៏តានតឹង ពោលគឺលទ្ធផល ៧ទល់៣។ប៉ុន្តែយើងនៅមានឱកាសជាបន្តបន្ទាប់ទៀតដើម្បីធ្វើការកែលម្អ។ទោះបីជាយើងចាញ់មែន ដោយឡែកខ្ញុំពិតជាសប្បាយរីករាយដែលជម្រើសដំបូងទាំង១១នាក់ មានរូបខ្ញុំដែរ ហើយខ្ញុំអាចលេងតទល់រហូតចប់ការប្រកួត។ ការប្រកួតបន្ទាប់ យើងនឹងប៉ះ kagoshima united”

សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់បុរសជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ បានចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤​ កុម្ភៈ ដល់ ៤មីនា ឆ្នាំ២០២០។

ក្នុងនោះដែរក្រុមគោព្រៃ U19 របស់យើងនៅសល់ការប្រកួតធំៗចំនួនពីរទៀតពោលគឺ៖

– ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2020 ម៉ោង៖ 8:30AM (កម្ពុជាប៉ះ KAGOSHIMA UNITED FC U-18)

– ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2020 ម៉ោង៖ 8:30AM (កម្ពុជាតទល់នឹង MYANMAR)។

យ៉ាងណាមិញ ក្នុងនាមយើងជាប្រិយមិត្តគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាពួកយើងគ្មានអ្វីក្រៅពីពាក្យជូនពរ និងអបអរសាទរដល់កីឡាករសង្ហាកូនកាត់រូបនេះដែលបានសម្រេចនូវគោលដៅ និងក្តីស្រមៃ ចង់ក្លាយជាកីឡាករបាល់ទាត់តំណាងឲ្យកម្ពុជា។

លើសពីនេះ ពួកយើងក៏សូមជូនពរដល់កីឡាករជម្រើសជាតិគ្រប់ឈុតទាំងអស់បន្តនូវស្មារតីជាក្រុម ខិតខំហ្វឹកហាត់ទ្វេឡើងដើម្បីអនាគតកម្ពុជា៕

កីឡាករ លឹម អារុណ រ៉េយមិន៖ https://www.facebook.com/profile.php?id=100009326256275

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ https://www.facebook.com/camfootball1933