| |

ស.ស.យ.ក. នឹងដឹកនាំប្រតិភូសិល្បករ សិល្បការនីកម្ពុជាចំនួន៣៥នាក់ ចូលរួមព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី


នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជាចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង លោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ និងបួងសួងសុំសេចក្តីសុខមុនការចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅក្លីបកីឡា Premium Sport។

តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាសរុបចំនួន ៣៥ នាក់ ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ឋសិង្ហបុរី។

កម្ពុជាធ្លាប់បានចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បូនដង្ហែឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានដឹកនាំសិល្បករកម្ពុជា អញ្ជើញចូលរួមដោយបាននាំយកទស្សនីយភាពសិល្បៈខ្មែរ ក្រោមប្រធានបទ«សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)» ដែលបានរួមបញ្ចូលនូវសិល្បៈ៤ទម្រង់រួមមាន៖ របាំអប្សរា ក្បាច់គុនល្បុក្កតោ ល្ខោនស្រមោលស្បែកធំ និងកញ្ឆែ ទៅបង្ហាញក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ។

ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូលគ្នាក្រោមប្រធានបទ «ភាពសុខដុម(HARMONY)» ដែលរួមមាន របាំម្ករ ឈុតព្រះថោងនាងនាគ ឈុតកូរសមុទ្រទឹកដោះ របាំក្រមា និងក្បាច់ក្រមានៃគុនល្បុក្កតោ និងក្បាច់ផ្ការំដួល ដែលសុទ្ធសឹងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជុំវិញប្រវត្តិ និងអត្តសញ្ញាណនៃជនជាតិខ្មែរ។

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏នឹងនាំយកនូវទម្រង់សិល្បៈវប្បធម៌ខ្មែរពិសេសៗ ទៅបង្ហាញ និងផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួន ដល់បរទេស តាមរយៈក្បួនដង្ហែឈីងហ្គេនេះផងដែរ។

សូមជម្រាបជូនថា ក្បួនសម្ដែងឈីងហ្គេ គឺជាពិធីបុណ្យជាតិរបស់សិង្ហបុរី និងត្រូវបានចាត់ទុកជាក្បួនដង្ហែដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញពីគំរូចម្រុះពណ៌នៃសង្គមពហុវប្បធម៌របស់ប្រទេស។ សម្រាប់ឈីងហ្គេ ឆ្នាំ២០២៣នេះ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្ដែងដ៏ធំប្រចាំឆ្នាំ ដែលរំពឹងថានឹងមានអ្នកចូលរួមប្រមាណ១០០០០នាក់ រួមទាំងក្រុមសិល្បករប្រមាណ៣០០០នាក់ មកពីបណ្ដាប្រទេសនានា រួមគ្នាបង្កើតនូវផ្ទាំងទស្សនីយភាពនៃវប្បធម៌ចម្រុះជាតិសាសន៍ ដ៏អស្ចារ្យ៕