សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥
តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ ។ សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាសឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃការចូលរួមរបស់សហគមន៍ក្នុងតំបន់នានាផងដែរ។
គួររម្លឹកដែរថា កាលពីឆ្នាំ២០១៧ ២០១៩ និង២០២៣ សិល្បៈនៃកម្ពុជាធ្លាប់បានបង្ហាញភាពអស្ចារ្យនៃស្នាដៃបុព្វបុរសយើងទៅកាន់ពិភពលោក ដោយបាននាំយកសិល្បៈចម្រុះរបស់កម្ពុជាប្រកបដោយភាពរស់រវើក និងទទួលបានជោគជ័យគួរជាទីមោទក។ សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកនូវទិដ្ឋភាពសិល្បៈ វប្បធម៌ចម្រុះបែបថ្មីមួយបន្ថែមទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការវិវត្តន៍នៃសិល្បៈកម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ«ឈីងហ្គេ» ២០២៥។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។
សូមរង់ចាំតាមដានទស្សនាអំពីសកម្មភាពនៃការហាត់សម និងសម្ដែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជាយើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរបស់យើងក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
