|

កម្ពុជា ប្រកាន់ជំហរប្រើពាក្យ គុនខ្មែរ ជំនួសពាក្យ Muay សម្រាប់ស៊ីហ្គេម២០២៣ ខណៈដែល IFMA មិនពេញចិត្ត និងប្រកាសហាមឃាត់គ្រប់ជាតិសាសន៍ ដែលបញ្ជូនអត្តពលិកចូលប្រកួត


ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការការប្រកួតកីឡាស៊ីហ្គេម កាន់តែខិតជិតមកដល់។ អត្តពលិក កីឡាករ កីឡាការនី កម្ពុជាក៏ដូចជាបណ្ដាប្រទេសអាស៊ានបាននឹងកំពុងត្រៀមលក្ខណៈ ដើម្បីក្នុងការប្រកួតលើវិញ្ញាសារចំនួន៣៧។ ក្នុងនោះផងដែរ វិញ្ញាសារគុនខ្មែរ ជាអ្វីដែលមហាជនមានការចាប់អារម្មណ៍ច្រើន ក្រោយពេលកីឡាករខ្មែរ បានសាងភាពល្បីល្បាញលើសង្វៀនថៃហ្វៃកាលពីពេលថ្មីកន្លងមកនេះ។

ពាក់ព័ន្ធនឹងវិញ្ញាសារនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងសម្រេចលុបចោលពាក្យ Muay និងប្រើពាក្យ គុនខ្មែរ ជាផ្លូវការនៅស៊ីហ្គេមឆ្នាំ២០២៣ ដោយកម្ពុជាបានផ្ញើសារជាលាយលក្ខណ៍អក្សរទៅគណៈកម្មការជាតិ NOC របស់ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួចរាល់ហើយ។ ដោយយោងតាមការបញ្ជាក់ មកទល់ពេលនេះមានប្រទេសចំនួន៧ ដែលបានគាំទ្រ និងចូលរួមក្នុងវិញ្ញាសារគុនខ្មែរនេះ រាប់ទាំងកម្ពុជាជាម្ចាស់ផ្ទះ ខណៈដែលសហព័ន្ធកីឡាប្រដាល់ថៃ បានប្រកាសជាផ្លូវការថានឹងមិនបញ្ជូនកីឡាករមកចូលរួមប្រកួតលើវិញ្ញាសារគុនខ្មែរនេះឡើយ ក្រោយការប្ដូរពីការប្រើពាក្យ Muay ទៅជា គុនខ្មែរ។ ដោយឡែក ប្រទេសព្រុយណេ និងទីម័រ មិនដែលខ្វល់ខ្វាយពីវិញ្ញាសារនេះទេ សម្រាប់ស៊ីហ្គេមនាពេលកន្លងមក។

យ៉ាងណាមិញ សម្រាប់ហេតុផលនៃការសម្រេចលុបចោលពាក្យ Muay ចេញពីការប្រកួតកីឡាស៊ីហ្គេមនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់ថា គឺដើម្បីបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ទៅតាមការចង់បាន របស់ប្រជាជនកម្ពុជា។ ឯកឧត្តម បានបន្តការ ការប្រើពាក្យ គុនខ្មែរនេះ ជាកិត្តិយសក្នុងនាមជាម្ចាស់ក្បាច់គុន ដោយយើងបានប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នាក្នុងការប្រើប្រាស់ពាក្យគុនខ្មែរក្នុងស៊ីហ្គេម។

ដោយឡែក សហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IFMA) បានបង្ហាញក្ដីមិនពេញចិត្ត ដោយបានប្រកាសថាខ្លួននឹងហាមឃាត់គ្រប់ជាតិសាសន៍ ដែលបញ្ជូនអត្តពលិកចូលប្រកួតប្រដាល់ ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នៅកម្ពុជា ដោយសំអាងថា យោងតាមបញ្ញត្តិនៃនៃស៊ីហ្គេម បានចែងថាប្រដាល់សេរីក្នុងស៊ីហ្គេម ត្រូវប្រើឈ្មោះ Muay Thai។

ជុំវិញបញ្ហានេះ កម្ពុជាមិនបានបង្ហាញក្ដីបារម្ភនោះទេ កម្ពុជានៅតែរក្សាគោលជំហរក្នុងការប្រើពាក្យ គុនខ្មែរនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយតាមច្បាប់កីឡា បើមានការចូលរួមពី៤ ប្រទេសឡើងទៅ អាចរៀបចំការប្រកួតបានហើយ។ ជាមួយគ្នានេះ ដោយផ្អែកលើឆន្ទៈ កម្ពុជាជាម្ចាស់ក្បាច់គុន ប្រពៃណីយុទ្ធគុនខ្មែរមានភាពល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ ដែលចម្លាក់ជាប់ផ្ទាំងសីលានៅតាមប្រសាទ ជាភស្ដុតាងស្រាប់។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ កម្ពុជាតាមរយៈសហព័ន្ធប្រដាល់គុនខ្មែរជាអ្នករៀបចំ តាក់តែងច្បាប់ លក្ខន្តិកៈ និងបទបញ្ជានៃការប្រកួត ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេសអន្តរជាតិមួយចំនួនទៀត នៅខែឧសភាខាងមុខនេះ៕