«បើកទំព័រសករាជថ្មី ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម»
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រវែង ១៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង ៣១,៦៩គីឡូម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អមដំណើរដោយឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះនាពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ និងស្ពានឆ្លងកាត់ទន្លេសរុបទាំងអស់ចំនួន១១ស្ពានហើយផងដែរ។
តាមរយៈសមិទ្ធផលស្ពាន និងផ្លូវ ដែលចិនបានជួយកសាងនៅកម្ពុជាកន្លងមកនេះ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ របស់ចិន ដែលបានចូលរួមចំណែកបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយហើយ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅពេលខាងមុខនេះ ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះជាដើម៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister, ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport