|

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី ដែលព្រួញទាំង ០៣ នោះរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី បានបញ្ជាក់ថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយអាចដាក់កិច្ចអន្តរាគមន៍នានាបានរហ័ស និងមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាភាពធន់ ភាពប៉ាន់ប្រមាណបាន ភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ ព្រមទាំងការងារចិញ្ចឹមជីវិត ។