|

ADB ផ្តល់ប្រាក់កម្ចីដល់កម្ពុជាចំនួន ៥០ លានដុល្លារ ដើម្បីជួយជំរុញការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស និងជំរុញការប្រកួតប្រជែងជាសកល។

កម្មវិធីនេះនឹងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់កម្ពុជា ដោយគាំទ្រដល់កំណែទម្រង់របស់រដ្ឋាភិបាល ដើម្បីបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ច ជំរុញកំណើននៃសហគ្រាសធុនតូច និងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម។ 

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ស្បែកជើង និងវិស័យវាយនភណ្ឌ ក៏ដូចជាទេសចរណ៍ និងសំណង់»។

លោកបានបន្តថា កំណែទម្រង់កម្មវិធីនេះ នឹងជួយដល់លទ្ធភាពនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត ដោយត្រួសត្រាយផ្លូវសម្រាប់ការរីលលូតលាស់នៃអាជីវកម្ម និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងផងដែរថា កម្មវិធីនេះនឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដោយបន្ថែមថាវានឹងគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មី។

ជាមួយគ្នានេះ កម្មវិធីនេះក៏នឹងជួយកម្ពុជា ឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការសម្របសម្រួលលើការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញផងដែរ៕

ប្រភព៖ Newsroom Odisha Network