|

សម្រាប់អ្នកដែលពុំធ្លាប់ឆ្លងកូវីដ-១៩ តើវាជាសំណាងឬ?


តាំងពីឆ្នាំ២០១៩ រហូតដល់២០២២ កូវីដ-១៩ បាននាំមកនូវការរីករាតត្បាតជាសកល ដែលបង្កឱ្យមានផលប៉ះពាល់លើគ្រប់វិស័យ។ ​ជាងនេះ ទៅទៀត វាបានបង្កការលំបាកដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដូចជានៅកន្លែងធ្វើការ ឬសាលារៀន ការទំនាក់ទំនងសង្គម ជាដើម ដែលនាំមកនូវការឆ្លងតាមសហគមន៍ក្នុងកម្រិតខ្ពស់។ យ៉ាងណាមិញ ក្នុងអំឡុងពេលនោះមានមនុស្សតិចតួចប៉ុណ្ណោះដែលមិនបានឆ្លងវីរុសមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួន មានបទពិសោធន៍នៃការប៉ះពាល់ទាំងផ្ទាល់ និងដោយប្រយោលជាមួយជំងឺនេះ ដូចជាបុគ្គលិកមន្ទីរពេទ្យ ឬសមាជិកគ្រួសាររបស់អ្នកដែលមានជំងឺកូវីដ-១៩  ប៉ុន្តែពួកគេនៅតែមិនធ្លាប់ឆ្លងវីរុសកូវីដ-១៩ឡើយ។ តើ​មាន​ហេតុផល​វិទ្យាសាស្ត្រ​ណា​មួយ​ដែល​មនុស្ស​ម្នាក់​អាច​ធន់​នឹង​ការ​ឆ្លង​មេរោគនេះ ខណៈ​​ដែល​វាបានរីករាលដាលស្ទើតែ​​គ្រប់​ទីកន្លែង?  ឬគ្រាន់តែជាសំណាង?

មូលហេតុដែលមនុស្សមួយចំនួនមានភាពស៊ាំនឹង COVID-១៩ គឺជាសំណួរមួយដែលនៅតែបន្តកើតមានពេញមួយជំងឺរាតត្បាត។  ដូចទៅនឹងវិទ្យាសាស្ត្រជាច្រើនដែរ មិនទាន់មានចម្លើយសាមញ្ញមួយនៅឡើយ។ តើអាចគេចផុតពី COVID-១៩ បានយូរប៉ុណ្ណា? ការពន្យល់ដ៏សាមញ្ញបំផុតនោះគឺថា មនុស្សទាំងនេះមិនដែលមានទំនាក់ទំនងជាមួយមេរោគនេះ។  សម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ឈានទៅដល់ការឆ្លងជំងឺធ្ងន់ធ្ងរ ភាគច្រើនគឺជាអ្នកដែលមានជំងឺបេះដូង ឬសួតរ៉ាំរ៉ៃ ។ 

យើងបានដឹងរួចមកហើយថា តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា វ៉ាក់សាំងជាមធ្យោបាយមួយ​ដែលមិនត្រឹមតែកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយឱកាសនៃការចម្លងវីរុសនេះ ប្រហែលពាក់កណ្តាលផងដែរ។  ដូច្នេះ ប្រាកដណាស់ថា ការចាក់វ៉ាក់សាំងអាចជួយមនុស្សមួយចំនួនជៀសវាងការឆ្លងមេរោគបាន។

ទ្រឹស្ដីមួយជុំវិញមូលហេតុដែលមនុស្សមួយចំនួនអាចជៀសវាងការឆ្លងមេរោគកូវីដ-១៩ ទោះបីជាពួកគេបានប៉ះពាល់នឹងវីរុសក៏ដោយ ឬសូម្បីតែបន្ទាប់ពីវីរុសប្រភេទនេះជ្រាបចូលទៅក្នុងផ្លូវដង្ហើមក៏ដោយ គឺនៅពេលដែលមនុស្សម្នាក់ឆ្លងមេរោគ អ្នកស្រាវជ្រាវបានរកឃើញថាមានភាពខុសគ្នារវាងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹង SARS-CoV-2 ដែលវាដើរតួនាទីក្នុងការកំណត់ភាពធ្ងន់ធ្ងរនៃរោគសញ្ញា។  វាអាចទៅរួចដែលថាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរហ័ស និងភាពរឹងមាំរបស់វាអាចការពារមេរោគពីការចម្លងទៅកម្រិតដ៏អស្ចារ្យណាមួយ។

ប្រសិទ្ធភាពនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់យើងចំពោះការឆ្លងមេរោគ ត្រូវបានកំណត់យ៉ាងទូលំទូលាយដោយអាយុ និងហ្សែនរបស់យើង ដែលអាចនិយាយបានថារបៀបរស់នៅដែលមានសុខភាពល្អពិតជាអាចជួយបាន។  ជាឧទាហរណ៍ យើងដឹងថាកង្វះវីតាមីន D អាចបង្កើនហានិភ័យនៃការឆ្លងមេរោគមួយចំនួន។  ការគេងមិនបានគ្រប់គ្រាន់ក៏អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាពរាងកាយរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគផងដែរ។

អ្នកវិទ្យាសាស្ត្រដែលសិក្សាពីមូលហេតុនៃការឆ្លង COVID-១៩ បានសន្និដ្ឋានថា មូលហេតុដែលនាំឱ្យមានការឆ្លងក្នុងកម្រិតធ្ងន់ធ្ងរ គឺជិត២០% គឺបណ្ដាលមកពីកត្តាហ្សែន ។  ដូច្នេះ កត្តាហ្សែនរបស់យើងក៏អាចជាគន្លឹះក្នុងការទប់ទល់នឹងការឆ្លងមេរោគ SARS-CoV-2 ផងដែរ។ ដូច្នេះ ប្រសិនរហូតមកដល់ពេលនេះ  អ្នកមិនធ្លាប់ឆ្លងវីរុសកូវីដ-១៩ទេនោះ មានន័យថាអ្នកមានប្រព័ន្ធភាពស៊ាំដែលល្អពីធម្មជាតិ រួមជាមួយនឹងការថែរក្សាអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នដោយសារយន្តការវ៉ាក់សាំងស្រោចស្រព និងវិធានការសុខាភិបាលនៃបណ្ដាប្រទេសនានា បានធ្វើឱ្យយើងអាចគ្រប់គ្រងលើកូវីដ-១៩​ ក្នុងកម្រិតធំមួយ ដែលនាំឱ្យករណីឆ្លងមានការថមថយចុះច្រើន ហើយស្ថានភាពក្នុងការរស់នៅ ក៏កំពុងត្រឡប់មករកប្រក្រតីភាពឡើងវិញ៕

ដោយ៖ Phat koemchhe
ប្រភព៖ CNA